CPP​ហៅ​CNRP​ថា​បក្ស​ក្រៅច្បាប់ ​និង​បដិសេធ​ការចោទប្រកាន់​រឿង​ប្លន់​ឆន្ទៈរាស្ត្រ​

25-11-2017 5:59 pm 3064
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែតនាពេលកន្លងមក និងសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ។

​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បដិសេធ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា កន្លងទៅនេះ និង​បាន​ហៅ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា គឺ​គណបក្ស​ក្រៅច្បាប់ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​ដដែល​បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​គោរព​តាម​សេចក្តីសម្រេច​របស់​សាលដីកា​តុលាការ​កំពូល និង​គាំទ្រ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ពេល​លេញ នូវ​សាលដីការ​តុលាការ​កំពូល ចំពោះ​ការប្រកាស​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​គូសបញ្ជាក់ថា តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​នេះ​បាន​ថ្លែងថា គ​.​ជ​.​ប បាន​ធ្វើ​ការបែងចែក​អាសនៈ​របស់​ខ្លួន​ទៅឱ្យ​គណបក្ស​ដទៃ​ទៀត ស្របតាម​ច្បាប់​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន បាន​ធ្វើឡើង​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ។ សេចក្តីថ្លែងការណ៍​ដដែល​បាន​សង្កត់ធ្ងន់ថា គ​.​ជ​.​ប បាន​សមគំនិត​ជាមួយ​គណបក្ស​កាន់អំណាច និង​តុលាការ​កំពូល ប្លន់​ឆន្ទៈ​រាស្ត្រ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត