អង្គការហាមឃាត់អាវុធគីមីនឹងបញ្ជូនក្រុមការងារមកកម្ពុជានៅខែធ្នូខាងមុខ

25-11-2017 1:32 pm 690

អង្គការហាមឃាត់អាវុធគីមី (OPCW) នៃអង្គការសហប្រជាជាតិ នៅប្រទេសហូឡង់ បានសម្រេចថា នឹងបញ្ជូនក្រុមបច្ចេកទេស មកកាន់កម្ពុជា នៅអំឡុងខែធ្នូ ឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់ពីលោក កេ ដា អគ្គលេខាធិការរង អាជ្ញាធរអាវុធគីមី នៃក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោកកេ ជា បានបញ្ជាក់យ៉ាងខ្លីថា «យើងបានប្រជុំយ៉ាងលម្អិត ជាមួយមន្ត្រីរបស់ OPCW ។ បើសិនជាមិនមានការប្រែប្រួល ប្រតិបត្តិការនឹងចាប់ផ្តើម នៅចុងសប្តាហ៍ទីពីរ ខែធ្នូខាងមុខនេះ»។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអង្គការមួយនេះ បញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី ដើម្បីមកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា គ្រាប់បែកគីមីដែលទម្លាក់ ដោយសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអាវុធគីមី និងស៊ីម៉ាក់ រកឃើញកើនឡើងរហូតដល់២២ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ និងឃុំក្បែរៗនោះ នៃស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែកគីមី បានបង្កទុកទោសយ៉ាងធ្ងន់ធរដល់សុខភាពមនុស្ស ដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម មិនដូចទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកដែលថា គ្រាប់បែកនោះត្រឹមតែជាឧស្ម័នបង្ហូរទឹកនោះឡើយ។ ក្រៅពីរកឃើញគ្រាប់បែកជាច្រើនទីតាំងហើយនោះ ប្រជាពលរដ្ឋនៅតំបន់នោះជិត១០០នាក់ ក៏បានរកឃើញរងគ្រោះ ដោយសារសារធាតុគីមីនេះផងដែរ ដោយមួយចំនួនធំ មានបញ្ហារមាស់ស្បែក ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជាបន្តបន្ទាប់ ខណៈកុមារ៣នាក់កើត មកមានសភាពខុសប្រក្រតី៕ ដោយៈសៅ វិសាល

 

 

 

 ពាក្យគន្លឹះ  គ្រាប់បែកគីមី

ព័ត៌មានផ្សេងទៀត