ចិន​​ប្រកាស​​គាំទ្រ​​ពេញ​ទំហឹង​​ចំពោះ​​ចំណាត់​ការ​​របស់​​រដ្ឋាភិបាល​​កម្ពុជា​

23-11-2017 11:24 am 1166

ផ្ទុយ​ពី​បណ្ដា​ប្រទេស​លោកខាងលិច ដែល​បាន​ថ្កោលទោស និង​ផ្ដាច់ជំនួយ​ពី​កម្ពុជា​នោះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​គាំទ្រ​នូវ​ចំណាត់ការ​ចុងក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ការប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​ប្រទេស​ចិន​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​កៅ ចៀន​មីង (Cao Jianming) អគ្គ​រដ្ឋអាជ្ញា​មហាអយ្យការ​កំពូល នៃ​ប្រជាជន​ចិន ជាមួយ​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២២ វិច្ឆិកា​។ 

បើតាម​ការឲ្យដឹង​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​លោក​នាយករដ្ឋមន្ត្រី លោក​កៅ ចៀន​មីង​(Cao Jianming) បានលើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ដោយ​លោក​អះអាងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាងច្រើន និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិ​ន ជាពិសេស​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

មហាមិត្ត​ទាំងពីរ​បានបង្ហាញ​ជំហរ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង របស់​ដៃគូ​សហប្រតិបត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​រៀងៗ​ខ្លួន ដោយ​លោក​ហ៊ុន សែន ប្រកាស​ជាថ្មី​ថា កម្ពុជា​គាំទ្រ​នយោបាយ​ចិន​តែមួយ​ជានិច្ច​។​

​ជា​ថ្នូរ​នឹង​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ចំពោះ​ការគាំទ្រ​នយោបាយ​ចិន​តែមួយ រដ្ឋាភិបាល​ចិន​តាមរយៈ​អគ្គ​រដ្ឋអាជ្ញា​អយ្យការ​កំពូល នៃ​ប្រជាជន​ចិន​បានបង្ហាញ​ពី​ការគាំទ្រ ពី​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​ការរក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម​។ លោក​កៅ ចៀន​មីង​(Cao Jianming) សង្កត់ធ្ងន់ថា ចិន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បញ្ជាក់ថា ចិន​គាំទ្រ​នូវ​ផ្លូវ​ដ៏​សមស្រប ដែល​កម្ពុជា​កំពុង​ដើរ​នេះ ជាពិសេស​គាំទ្រ​កម្ពុជា​ក្នុងការ​ធ្វើ​យ៉ាងណាឲ្យ​កម្ពុជា​ធានាបាន​នូវ​អធិបតេយ្យភាព ឯករាជ្យភាព វិបុលភាព និង​ការអភិវឌ្ឍ​។​

មន្ត្រី​កំពូល​ផ្នែក​ច្បាប់​របស់​ប្រទេស​ចិន​រូបនេះ​ក៏​សង្ឃឹមថា កិច្ចសហការ​ខាង​វិស័យ​អយ្យការ​រវាង​កម្ពុជា​-​ចិន នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការពង្រឹង​ផ្នែក​សន្តិសុខ​សង្គម និង​យុត្តិធម៌​សម្រាប់​ប្រជាជន​។​

​ជា​ការកត់សម្គាល់ ការបង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ចិន​ចំពោះ​ចំណាត់ការ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ក្រោយ​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប អង់គ្លេស អូស្ត្រាលី​ជាដើម បានប្រកាស​ថ្កោលទោស និង​ផ្ដាច់ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ពី​កម្ពុជា បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា កន្លងទៅនេះ​។ 

យ៉ាងណាក៏ដោយ បញ្ហា​ផ្ដាច់ជំនួយ​អភិវឌ្ឍន៍​ពី​សហ​គមន៍​អន្តរជាតិ​នេះ ក៏​ត្រូវបាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា មិន​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ ព្រោះ​កម្ពុជា​មិនមែន​រស់​ដោយសារតែ​ជំនួយ​បរទេស​ទាំងស្រុង​នោះឡើយ​៕ ដោយ៖ ធុច ធារ៉ា

 ពាក្យគន្លឹះ  កម្ពុជា-ចិន

ព័ត៌មានផ្សេងទៀត