គ្រួសារ​ជនរងគ្រោះ​ស្លាប់​លើ​ស្ពាន​ពេជ្រ​រំលឹក​ការឈឺចាប់​កាលពី​៧​ឆ្នាំមុន​

22-11-2017 3:40 pm 2012
ក្រុមគ្រួសារជនរងគ្រោះកំពុងតែគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅស្តូបរំលឹកខួប

​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​គឺជា​ការ​រំលឹក​ខួប ៧​ឆ្នាំ នៃ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ នា​ទីក្រុង​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ដែល​បាន​ឆក់យក ជីវិត​មនុស្ស​ជាង​៣០០​នាក់ និង​ជា​ច្រើន​រយ​នាក់​ទៀត​បាន​រងរបួស​។​

នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​កុសល រំលឹក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​ជា​ការរៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ គឺ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ម៉ប់ សារិន ប្រធាន​សមាគម​ជាតិ ក្រុមប្រឹក្សា​រាជធានី ខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ ជាច្រើន​នាក់​ផងដែរ ។​

ថ្លែង​នៅក្នុង​ពិធី​បង្សុកូល ឧទ្ទិស​កុសល​នោះ​ដែរ​លោក​ម៉ប់ សារិន បាន​លើកឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យមាន​ការ​រៀប​ចំ​ពិធីបុណ្យ​នេះ​ជា​រៀងរាល់ឆ្នាំ ជាមួយ​និង​បងប្អូន​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​បាត់បង់​សាច់ញាតិ​ជា​ទី​ស្រឡាញ់​របស់ខ្លួន​។​

លោក​បាន​បន្តថា ការបាត់បង់​ជីវិត​ម​នុស្ស​ដ៏​ច្រើន​បែប​នេះ ក៏​ជា​មេរៀន​មួយ​សម្រាប់​សមត្ថកិច្ច ត្រូវ​ចងចាំ​និង​យកចិត្តទុកដាក់ ជា​រៀងរហូត នៅពេលដែល​មាន​ការជួប​ជុំ​ក្នុង​ពិធី​តូចធំ គឺ​ចាំបាច់​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​...

សំឡេង​លោក​ម៉ប់ សារិន​៖

​ទោះបីជា​វា​បាន​កន្លងផុតទៅ ៧​ឆ្នាំ​ហើយ​ក្តី តែ​ការ​នឹក​ស្រណោះ​អាឡោះអាល័យ របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​ដិតដាម​ក្នុង​អារម្មណ៍​របស់​ពួកគាត់​ជា​និច្ច និង​មិន​អាច​បំភ្លេច​បាន​ឡើយ ។​ជាក់ស្តែង​លោក​អុំ ប៊ុន​រឿន រស់​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ដែលជា​ឪពុក​របស់​ជនរងគ្រោះ រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ បានឲ្យដឹងថា គាត់​បាន​បាត់បង់​កូនស្រី​ជា​ទី​ស្រឡាញ់​របស់គាត់ ហើយ​នៅពេលនេះ​គាត់​នៅ​តែ​នឹក​សោកស្តាយ ដែល​កូន​បាន​ស្លាប់​ទាំង​វ័យក្មេង​។​

​លោក​បាន​បន្តថា កូនស្រី​ដែល​បាន​ស្លាប់​នេះ​គឺជា​កូន​ទី​៤ ក្នុងចំណោម​កូន​៥​នាក់ ដែល​កាលនោះ​នាង​មាន​អាយុ​ត្រឹមតែ​២១​ឆ្នាំ​ប៉ុណ្ណោះ ។​ថ្ងៃ​អុំទូក​ចុង​ក្រោយ​នាង​បាន​មក​ដើរ​លេង​ជាមួយ​មិត្តភក្តិ បន្ទាប់ពី​ចេញពី​ធ្វើការ រួច​ក៏​ជួប​រឿង​បែបនេះ ...

​សំឡេង​លោក​អុំ ប៊ុន​រឿន​៖

​មិន​ខុស​គ្នា​នេះ​ដែរ​អ្នកស្រី​សែម សារឿ​ន រស់នៅ​សង្កាត់​មនោ​រម្យ រាជធានី​ភ្នំពេញ ដែល​បាន​បាត់បង់​កូន​ជា​ទី​ស្រឡាញ់​រហូតដល់​ទៅ​៣​នាក់​គឺ​ស្រី​២​ប្រុស​១ ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ​នោះ​ក៏​បានឲ្យ​ដឹង​ដែរថា គាត់​មានកូន​៤​នាក់ ហើយ​នៅពេលនេះ​នៅសល់​តែ​កូនច្បង​ម្នាក់​ប៉ុណ្ណោះ ។​

​អ្នកស្រី​បាន​បន្តថា គាត់​នៅ​តែ​មាន​អារម្មណ៍​នឹករលឹក​ដល់​កូនៗ​របស់​គាត់​ជា​និច្ច ព្រោះតែ​ពួកគេ​ស្លាប់​ទាំង​វ័យក្មេង ហើយ​ក្នុងចំណោម​នោះ​កូន​ម្នាក់ ជិត​ដល់​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ទៀត ។​កូនៗ​របស់​គាត់​ដែល​ស្លាប់​នោះ​គឺ​មាន​អាយុ​២១ ឆ្នាំ​និង​កូនស្រី​ពីរ​នាក់ ម្នាក់​មាន​អាយុ​១៩ និង​ម្នាក់​ទៀត​១៧ ឆ្នាំ​...

សំឡេង​អ្នកស្រី​សែម សារឿ​ន​៖

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ពិធី​ពិធី​បង្សុកូល ឧទ្ទិស​កុសល រំលឹក​ដល់​ដួង​វិញ្ញាណក្ខន្ធ​អ្នក ដែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា នេះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល​៕


ព័ត៌មានផ្សេងទៀត