គណបក្ស​មូលដ្ឋាន​ប្រកាស​ជំហរ​មិន​ទទួល​យកអាសនៈ​CNRP​ទេ​

21-11-2017 4:19 pm 8301

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រកាស​បង្ហាញ​ពី​គោលជំហរ​មិន​ទទួលយក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល​ចេញ​ដី​ការរំលាយ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទេ ។ នេះ​បើ​តាម​លិខិត​ប្រកាស​ជា​ផ្លូវការ​របស់​គណបក្ស ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ផ្ញើ​ទៅកាន់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិក ប៊ុន​ហុក ។ 

​គូសបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ឱ្យ​គណបក្ស​ចំនួន​៦ រៀបចំ​ឯកសារ​ដើម្បី​ទទួលយក​អាសនៈ​សភា​ចំនួន​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ទំនេរ ស្រប​ទៅតាម​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ 

​គណបក្ស​ទាំង​៦​ដែល​ស្ថិត​នៅក្នុង​បញ្ជី​បែងចែក​អាសនៈ​របស់​គ​.​ជ​.​ប​រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ។ ក្នុងចំណោម​គណបក្ស​ទាំង​៦​ខាងលើ មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​បង្ហាញ​ពី​ទំនោរ​ក្នុង​ការទទួលយក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត