លោក​​សុខ​ ទូច​​៖​​អវត្ត​មាន​​សង្គ្រោះ​​ជាតិ​​ប្រ​ជា​ធិប​តេយ្យ​​កម្ពុជា​​ដំណើរ​ការ​​ធម្ម​តា​​

21-11-2017 4:05 pm 1188
លោកសុខ ទូច

​បើទោះបីជា​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោកខាងលិច ចេញ​សេចក្ដី​ថ្លែង​ការព្រួយបារម្ភ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងណាក៏ដោយ ក៏​ប្រធាន​រាជា​បណ្ឌិត្យសភា​កម្ពុជា និង​គណបក្ស​ចំនួន​ពីរ សុទ្ធតែ​អះអាងថា គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​ធម្មតា​។ 

​ក្រោយពី​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការ​ជាតិ និង​អន្តរជាតិ បានចេញ​សេចក្ដី​ថ្លែង​ការព្រួយបារម្ភ ពី​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហាក់​ដើរ​ថយក្រោយ​។ ប្រទេស​ដែលជា​ដៃគូ​កម្ពុជា​មួយចំនួន បាន​ទទូច​អំពាវនាវ​ឲ្យ​កម្ពុជា គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យឲ្យបា​ន​ត្រឹមត្រូវ​។ 

​ពួកគេ​ក៏បាន​ព្រមាន ពី​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ឡើងវិញ​ផងដែរ​។ ដោយឡែក​អង្គការ​អន្តរជាតិ ស្នើ​ដល់​ប្រទេស​ជា​ម្ចាស់ជំនួយ ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល និង​កុំឲ្យ​ទទួលស្គាល់​ដំណើរ​ការ និង​លទ្ធផល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ បើសិនជា​ពុំមាន​ដំណោះស្រាយ​នយោបាយ​រួម​ណាមួយ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ សម្រាប់​រដ្ឋាភិបាល ស្ថាប័ន​ជាតិ និង​គណបក្សនយោបាយ​មួយចំនួន នៅតែ​អះអាងថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​ធម្មតា បើទោះបីជា​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។​

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាងថា ប្រសិន​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ ទាល់តែ​កម្ពុជា​លុប​រដ្ឋធម្មនុញ្ញ​ចោល មាន​បក្ស​តែមួយ​  ទើប​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ប៉ុន្តែ​កម្ពុជា​សព្វថ្ងៃ​នៅ​កាន់​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស លទ្ធិប្រជាធិបតេយ្យដំណើរការធម្មតា ហើយ​អវត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ​មួយ នៅមាន​គណបក្សប្រឆាំង​តូចៗ​ជាច្រើន​ទៀត​នៅ​កម្ពុជា​............

​សំឡេង​លោក​សុខ ទូច​៖

​ដោយឡែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ដែរថា គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​ធម្មតា​។ លោក សុខ ឥសាន បានចាត់ទុក ប្រទេស​បណ្ដា​ជា​មិត្ត ដែល​រីះគន់ពីការរំលាយគណបក្សសង្រ្កោះជាតិ សុទ្ធតែជា​យន្តការ​នៃ​បដិវត្តន៍​ពណ៌ ដែល​ជាមេដឹកនាំ​គណបក្សប្រឆាំង​ឱ្យធ្វើ​ខុស​...........

​សំឡេង​លោក​សុខ ឥសាន​៖

​ចំណែក​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ផាន សិទ្ធិ ក៏​មិន​ខុសពី​លោក សុខ ឥសាន ដែរ ដោយ​លោក​ថា គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​ធម្មតា​។​

​សូមបញ្ជាក់ថា នៅ​ព្រឹ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រាជបណ្ឌិត្យសភា​កម្ពុជា បានរៀបចំ​កិច្ចពិភាក្សា​តុមូល ស្ដីពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​គណបក្សនយោបាយ​ចំនួន​៣​ផងដែរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​........​។​

​គួររំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល ប្រកាស​សា​ដីកា រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ​៕

ព័ត៌មានផ្សេងទៀត