ឆាប់ៗ​នេះ​កម្ពុជា​នឹង​ដង្ហែ​យក​ឈុត​គ្រឿងអលង្ការ​មាស​សម័យអង្គ​រ​ពី​អង់គ្លេស​មក​វិញ​

21-11-2017 12:52 pm 3908
គ្រឿងអលង្ការមាសសម្រាប់លម្អចម្លាក់អង្គរដែលគ្រោងនឹងដង្ហែមកពីអង់គ្លេសមកវិញ ។ រូបថតពី fbសហភាពសហព័ន្ធ ។

​ថ្នាក់ដឹកនាំ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ដង្ហែ​យក​មក​វិញ​នូវ​ឈុត​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រួប​ចម្លាក់​នា​សម័យអង្គរ ចំនួន​១០ គ្រឿង មកវិញ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ការទទួល​ភារកិច្ច​ទៅ​ដង្ហែ​យក​គ្រឿងអលង្ការ​ទាំងនេះ​មកវិញ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជំនួស​ក្រសួង​វប្បធម៌​នេះ ដោយសារ​មាន​ការស្នើសុំ​ការសហការ ការទុកចិត្ត និង​ផ្តល់​ឱកាស​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ សហភាព​សហព័ន្ធ​យុវ​ជ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​គូសបញ្ជាក់ថា ក្រោយ​ក្រសួង​វប្បធម៌​ទទួល​ព័ត៌មាន​ពី​ការ​ដាក់​តាំង​លក់​វត្ថុ​បុរាណ ដោយ​មាន​វត្ថុ​បុរាណ​របស់​កម្ពុជា​ផង​នោះ នៅ​ទីស្នាក់ការ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្ពុជា​បាន​ស្នើសុំ​ទាមទារ ប្រគល់​នូវ​វត្ថុ​បុរាណ​ដ៏​កម្រ​ទាំងនេះ តាមរយៈ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ។ 

​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ ដែល​មានឈ្មោះ Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់ ឈុត​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់ មក​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត