រដ្ឋាភិបាល​ចេញអនុក្រឹត្យ​ដំឡើង​ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការស្រ្តី និង​បុណ្យសព

21-11-2017 9:40 am 4021

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ទៅ មន្ត្រីរាជការ កម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន នឹងត្រូវដំឡើងប្រាក់ឧបត្ថម្ភបន្ថែម។ចំណែកឯមន្ត្រីរាជការ ដែលទទូលមរណភាពវិញ រដ្ឋាភិបាល ក៏ត្រូវដំឡើងប្រាក់ឧបត្ថម្ភដល់បុណ្យសពដែរ។នេះបើយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

យោងតាមមាត្រា៤នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការ កម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន នឹងត្រូវដំឡើងពីចំនួន៦០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល សម្រាប់សម្រាលកូនបានមួយ។ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបង្កើនទ្វេគុណ ឬត្រីគុណ ជូនមន្ត្រីរាជការកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន។

ក្នុងមាត្រា៤ដដែល បានបញ្ជាក់ទៀតថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ជូន ក្នុងរយៈពេលបំពេញការងារ ដោយអនុលោម តាមបទប្បបញ្ញត្តិនៃមាត្រា២ក្នុងអនុក្រឹត្យដែលចុះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដោយអនុវត្តក្នុងតារាទូទាត់បៀវត្សតាមប្រព័ន្ធធនាគា ផ្អែកលើឯកសារដែលមានការបញ្ជាក់ ពីមាតុភាពដោយគ្រូពេទ្យជំនាញ និងសំបុត្រកំណើត។

រីឯប្រាក់ឧបត្ថម្ភបុណ្យសព ជូនគ្រួសាររបស់មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានដំឡើង១លាន២០ម៉ឺនរៀល ទៅ២លានរៀល។ចំណែកទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម ឬគ្រោះថ្នាក់ការងារ នឹងត្រូវដំឡើងពី១លាន៥០ម៉ឺន ទៅ៤លានរៀល។នេះបើតាមមាត្រា៥នៃអនុក្រឹត្យ។ចំពោះការបើកប្រាក់ឧបត្ថម្ភ ត្រូវអនុត្តផ្អែកលើសំបុត្រមរណភាព ឬលិខិតបញ្ជាក់ពីប្រធានអង្គភាពគ្រប់គ្រងផ្ទាល់។

គួរបញ្ជាក់ថា អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានការប្រកាស ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយប្រាក់ឧបត្ថម្ភនេះនឹងចាប់ផ្តើមអនុត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ។ កិច្ចការងារនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្មមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងភាគីដែលពាក់ព័ន្ធ អនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ 

 ពាក្យគន្លឹះ  មន្ត្រីរាជការ

ព័ត៌មានផ្សេងទៀត