គណបក្សសង្គ្រោះជាតិត្រូវបានគេផាត់ចេញពីសង្វៀននយោបាយ ជាផ្លូវការហើយ បើទោះជាគណបក្សនេះ នៅតែអះអាងថាខ្លួននៅតែជាគណបក្សនយោបាយស្របច្បាប់នៅឡើយក៏ដោយ។ជាងនេះទៀត មនុស្សសំខាន់របស់គណបក្សនេះ ជាង១០០នាក់ ក៏ត្រូវអស់សិទ្ធិធ្វើនយោបាយទៅទៀត។
ទឹកចិត្តអ្នកគាំទ្រគណបក្សប្រឆាំងដ៏ធំមួយនេះ ហាក់ធ្លាក់ស្រុត ម្នាក់ៗដកដង្ហើមធំ អស់សង្ឃឹម រហូតប្រកាសថានឹងលែងចេញទៅបោះឆ្នោត។ តែអ្នកវិភាគមើលឃើញថា ការមិនចេញទៅបោះឆ្នោត ដោយសារបាត់បង់គណបក្ស ដែលខ្លួនពេញចិត្ត ជាការគិតមិនបានវែងឆ្ងាយមួយដែរ។ ជាទស្សនៈ មួយផ្សេង ពលរដ្ឋម្ចាស់ឆ្នោត គួរបន្តរកជម្រើសថ្មី ប្រសិនបើពិតជាចង់ឲ្យមានការផ្លាស់ប្តូរមែន ជាជាងការបោះបង់សិទ្ធិ ហើយទ្រាំស្ថិតនៅក្នុងស្ថានភាពដ៏តឹងតែងបែបនេះ។
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍នយោបាយមួយរូបយល់ថា ប្រសិនបើគណបក្សភ្លើងទៀន របស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា ត្រូវបានអនុញ្ញាត្ត និងយល់ព្រមចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ នោះម្ចាស់ឆ្នោតជាង៣លាននាក់ នឹងនៅតែបន្តគាំទ្រ ដដែល គ្រាន់តែសំឡេងបែកគ្នា និងបូករួមគណបក្សថ្មីមួយទៀតគឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយឈរឲ្យហ្នឹងរៀងខ្លួន ឃោសនាឲ្យបានខ្លាំងក្លា ប្រាកដជាទាញទម្លាក់គណបក្សកាន់អំណាច មិនឲ្យបានសំឡេងលើសពី៥០%+១ បានទៀតទេ ហើយបើបែបនេះ ស្ថានភាពនឹងល្អជាងបច្ចុប្បន្ន......
សំឡេងលោក មាស នី៖
អ្នកវិភាគវ័យក្មេង លោកហង្ស ពិទូ យល់ថា គណបក្សថ្មីពីរ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាចនឹងទទួលបានអាសនៈ។តែលោកមើលឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាចជាសេណារីយោរបស់គណបក្សកាន់អំណាច ឯគណបក្សគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនស្ថិតក្នុងសេណារីយោនៃគណបក្សកាន់អំណាចទេ ហើយកំពុងមានការចាប់អារម្មណ៍ពីពលរដ្ឋជាបណ្តើរៗហើយ តែយ៉ាងណា លោកថា គណបក្សនេះ នៅខ្វះធនធានច្រើន ទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ.....
សំឡេងលោកហង្ស ពិទូ៖
មកដល់ពេលនេះ គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស នៅមិនទាន់បញ្ចេញជំហរយ៉ាងណាក្នុងការចូលរួមបោះឆ្នោតខាងមុខនៅឡើយទេ ខណៈមន្ត្រីសំខានៗនៃគណបក្សទាំងពីរនេះ ក៏មានឈ្មោះក្នុងការហាមឃាត់ធ្វើនយោបាយដែរនោះ។ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានគេដឹងថា ជាបណ្តុំបញ្ញាវន្ត ដែលធ្លាប់ដឹកនាំអង្គការសង្គមស៊ីវិល ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិតកែម ឡី ជាស្ថាបនិកមួយរូបផងដែរ។ ប៉ុន្តែជាអកុសល លោកមិនទាន់បានប្រឡូកក្នុងគណបក្សនេះផង ក៏ត្រូវឃាតកបាញសម្លាប់នៅកណ្តាលទីក្រុងកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ បាត់ទៅ៕