ប្រមុខការទូតកម្ពុជា៖​ទោះគ្មានសង្រ្គោះជាតិ​ក៏កម្ពុជា​មិនវិល​ទៅរបបដឹកនាំ​ឯកបក្សដែរ

17-11-2017 3:43 pm 901
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយក្តី ក៏ប្រទេសកម្ពុជា មិនវិលត្រឡប់ទៅរបបដឹកនាំឯកបក្សនោះទេ។ចំពោះដំណើរការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ មានគណបក្សនយោបាយ ជាច្រើនចូលរួមប្រកួតប្រជែង ហើយដំណើរការបោះឆ្នោត នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ការបញ្ជាក់នេះ ធ្វើឡើង ខណៈដែលមានប្រតិកម្មពីអន្តរជាតិ។ 

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ទោះបីជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ក៏ប្រទេសកម្ពុជា ពុំបានវិលត្រឡប់ទៅរបបដឹកនាំឯកបក្សនោះទេ។លោកពន្យល់ថា ស្ថាប័នគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត នឹងអនុវត្តន៍ទៅតាមច្បាប់ក្នុងការបែងចែកអាសនៈសមាជិរដ្ឋសភាឱ្យទៅគណបក្សនយោបាយ មួយចំនួនទៀត។ចំពោះដំណើរការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ មានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង ហើយដំណើរការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជា មានអង្គការមិនមែនរដ្ឋាភិបាលជាង៥.០០០ ដែលមានសេរីភាព ធ្វើសកម្មភាពនៅកម្ពុជា។ចំណែកករណីបិទអង្គការ NDI គឺដោយសារតែអង្គការអន្តរជាតិមួយនេះ ពុំបានចុះអនុស្សរណៈ ជាមួយក្រសួងការបរទេសកម្ពុជា ទើបក្រសួងការបរទេសសម្រេចបិទអង្គការមួយនេះ។

រីឯសេរីភាពសារព័ត៌មានវិញ គឺមានភាពល្អប្រសើជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ចំពោះកាសែតឌឹឃែមបូឌាដេលី គឺកាសែតបរទេសមួយនេះពុំបានបង់ពន្ធជូនរដ្ឋ ហើយម្ចាស់កាសែតនេះជាអ្នកបិទកាសែត ឌឹឃែមបូឌាដេលីដោយខ្លួនឯង។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

គួរកត់សម្គាល់ថា បន្ទាប់ពីតុលាការកំពូលប្រកាសសាលដីកា រំលាយគណបក្សសង្គ្រោះជាតិមក គេសង្គេតឃើញថា ប្រតិកម្មបានធ្លាប់មកជាបន្តបន្ទាប់ពីប្រទេសលោកសេរីមួយចំនួនដូចជា៖ អាមេរិក អង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី។ប្រទេសទាំងនោះ បានសម្តែងការព្រួយបារម្ភ ចំពោះការរំលាយគណបក្សប្រឆាំង ហើយបានថានឹងចាត់វិធានការជាក់ស្តែង ក្នុងការឆ្លើយតបស្ថានការណ៍ពេលនេះ៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត