លោក​ទៀ បាញ់​៖ កម្ពុជា​​ចូលរួម​បង្កើន​កងកម្លាំង​រក្សា​សន្តិភាព​នារី​ឱ្យបាន​ដល់​១៥%

16-11-2017 4:16 pm 3087
កម្ពុជាបញ្ជូនកម្លាំងរក្សាសន្តិភាពតាមសំណើរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក ក្នុងនោះក៏មានស្រ្តីផងដែរ ។ រូបថតពី រស្មីកម្ពុជា ។

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​កម្លាំង​រក្សា​សន្តិភាព​នារី​របស់​កម្ពុជា មិនទាន់​បាន​ឆ្លើយតប​ទៅតាម​តម្រូវការ​ជាក់ស្តែង​ក្នុង​តំបន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ ។ ក៏ប៉ុន្តែ កម្ពុជា​ប្តេជ្ញា​រួមចំណែក​ជាមួយ​បណ្តា​ប្រទេស​បរិច្ចាក​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ការចូលរួម​របស់​នារី​ឱ្យបាន​ដល់​១៥​ភាគរយ តាម​ផែនការ​របស់​អង្គការសហប្រជាជាតិ កំណត់​សម្រាប់​ឆ្នាំ​២០១៧ និង​ឈាន​ដល់​លើស​ផែនការ​កំណត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក្នុង​តំបន់​បេកសកកម្ម ។ 

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ ស្តី​ពី​ការរក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ ដែល​ប្រទេស​កាណាដា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​រង់ចាំ​បញ្ជូន​ក្រុម​បោសសម្អាត​មីន​ចំនួន​២​កង អាវុធហត្ថ​១​កង និង​វិស្វកម្ម​១​កង នៅក្នុង​ប្រព័ន្ធ​ត្រៀម​ជា​ស្រេច ដែល​មាន​សមត្ថភាព​ទាំង​រចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់​សម្រាប់​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ក្នុងអំឡុងពេល​មាន​ការស្នើ​សុំ​ជា​ផ្លូវការ​ពី​ទីបញ្ជាការ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​ទីក្រុង​ញូវយ៉ក ។ 

​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​រូបនេះ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​តាម​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចូលរួម​ចំណែក​សកម្ម ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត