២៥​ឆ្នាំ​​​មូលនិធិ​គន្ធបុប្ផា​​ចំណាយ​៦៣២​លាន​​ដុល្លារ​,​ ពិនិត្យ​ព្យាបាល​​ជំងឺ​ជិត​​១៧​លាន​ករណី​​

05-11-2017 12:01 pm 993

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា​លោក Beat Richner ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ០២ វិច្ឆិកា ជា​ថ្ងៃ​គំរប់​ខួប​២៥​ឆ្នាំ នៃ​ការ​ដំណើរការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា មូលនិធិ​គន្ធា​បុប្ផាបាន​ចំណាយ​ប្រាក់អ​ស់ ៦៣២​លាន​ដុល្លារ ដែល​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាន​ជិត​១៧​លាន​ករណី​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់ផ្តើម​បើកទទួល​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ដល់​កុមារ​នៅ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​១៩៩២​។​

​សេចក្តីប្រកាស​ព័ត៌មាន ដែល​បង្ហោះ​លើ Facebook ឈ្មោះ Dr.Beat Richner បាន​បញ្ជាក់ថា នៅ​រយៈពេល​២៥​ឆ្នាំ​មកនេះ កុមារ​មាន​ជំងឺ និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៦,៨២២,២២៥​ករណី ត្រូវបាន​ពិនិត្យ ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​១,៨៥៣,៥១០​នាក់ ត្រូវបាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​២៤៥,៥៩១​នាក់ បាន​សម្រាលកូន​នៅក្នុង​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វ័រ្មន​ទី​៧ (​គន្ធបុប្ផា​ទី​៣)​។​

​សេចក្តីប្រកាស​ដដែល​បានលើកឡើង​ទៀតថា ដ្បិតថា​រយៈពេល​២៥​ឆ្នាំ​កន្លងទៅ មូលនិធិ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​៦៣២​លាន​ដុល្លារ​អាមេរិក ជា​ចំនួន​ដ៏​ច្រើន​ក៏ពិតមែន តែ​ត្រូវបាន​គេ​កត់ត្រា​ទុកជា​សកល​ថា មន្ទីរពេទ្យ​នេះ មាន​ប្រសិទ្ធភាព​ព្យាបាល​ជាសះស្បើយ​ខ្ពស់​ល្អ​លើសគេ ធៀប​ទៅនឹង​ការចំណាយ​។​

​រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​មន្ទីរពេទ្យ​គន្ធបុប្ផា ថា​បាន​ចូលរួម​ដល់​ការកាត់បន្ថយ «​អត្រា​ស្លាប់​របស់​មាតា និង​កុមារ​»​នៅ​កម្ពុជា ពិសេស​ជួយ​ដល់​គ្រួសារ​ទីទ័លក្រ​គ្រប់​ច្រកល្ហក​ដោយ​ឥតគិតថ្លៃ​៕

ព័ត៌មានផ្សេងទៀត