មាន​ក្ដីបារម្ភ​ថា​ក្រុម​សកម្មប្រយុទ្ធ​​អាចធ្វើ​សកម្មភាព​​នៅ​តំបន់​ផ្សេង​​ក្រោយ​បរាជ័យ​​នៅ​ម៉ា​រ៉ាវី​

04-11-2017 11:25 am 1223
កងទ័ព​​​ហ្វីលីពីន​ដែលកាន់កាប់​បាន​ទីក្រុង​ម៉ារ៉ាវី

​ទីក្រុង​ម៉ា​រ៉ាវី​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល​បានប្រកាស​បញ្ចប់​ការប្រយុទ្ធ​ទាំងស្រុង​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​ការផ្ទុះអាវុធ​រយៈពេល​៥​ខែ​។​ដោយសារតែ​សង្គ្រាម​រវាង​កងទ័ព​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ត្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជាង​១​ពាន់​នាក់ និង​ជម្លៀស​ខ្លួន​ប្រមាណ​៤​សែន​នាក់​។​ការដណ្ដើម​បាន​ទីក្រុង​ម៉ា​រ៉ាវី​មកវិញ គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​។​

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ការព្រួយបារម្ភ​បាន​កើតឡើង​ជាថ្មី ពី​ប្រជាជន​នៅក្នុង​ទីក្រុង​កូតា​បា​តូ​(Cotabato) ជា​ទីក្រុង​មួយ​ស្ថិតក្នុង​ខេត្ដ​លើ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។​ប្រជាជន​នៅក្នុង​ទីក្រុង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បានឃើញ​រថយន្ដ​ពី​រគ្រឿង​បើក​មក​ចត​ជិតគ្នា នៅ​ខាងក្រៅ​សាកលវិទ្យាល័យ Notre Dame​ក្នុង​ទីក្រុង​កូតា​បា​តូ​។​

​មាន​បុរស​ក្មេងៗ​ប្រមាណ​ពី​៨​ទៅ​១០​នាក់​បាន​ចេញពី​រថយន្ដ ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​យក​ទង់ជាតិ​ខ្មៅ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​មក​ក្រវាត់​នៅ​ពី​ក្រោយខ្នង ហើយ​ដើរ​ចុះឡើង​តាមផ្លូវ​។​វា​ដូចជា​ក្បួន​ដង្ហែ​ដើម្បី​បង្ហាញ​ទង់ជាតិ​។​រយៈពេល​ប្រមាណ​ជា​១០​នាទី​ទើប​ពួកគេ​ត្រឡប់​ចូល​រថយន្ដ​ហើយ​បើក​ចាកចេញ​។​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រុក​ម្នាក់​ដែល​ឃើញ​ហេតុ​ការ​ឬ​ណ៍​។​

​នៅពេល​ឃើញ​ក្រុម​នេះ ប្រជាជន​ក៏​លែង​ហ៊ាន​មើលមុខ​ពួកគេ​។​សកម្មភាព​នេះ​ធ្វើឲ្យ​ប្រជាជន​ព្រួយបារម្ភ ខ្លាច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ប្រមូលផ្ដុំ​គ្នា​ជាថ្មី ហើយ​ចាប់ផ្ដើម​បើក​ការវាយប្រហារ​ដូច​ធ្វើ​នៅ​ទីក្រុង​ម៉ា​រ៉ាវី​ទៀត ក្រោយ​ពួកគេ​បរាជ័យ​ក្រោម​ថ្វីដៃ​កងទ័ព​រដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត