ប៉ូលិស​តួ​ក​គី​​ឃុំខ្លួន​​ជនសង្ស័យ​​ពាក់ព័ន្ធ​​ក្រុម​រដ្ឋ​អ៊ីស្លាម​​២៨៣​នាក់​

03-11-2017 9:05 am 533
ប៉ូលិស​ពេលចាប់ខ្លួនជនសង្ស័យ

​ប៉ូលិស​តួ​ក​គី​បាន​និយាយថា បាន​ឃុំខ្លួន​ជនសង្ស័យ​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចំនួន​២៨៣​នាក់​ក្នុង​រយៈពេល​១១​ថ្ងៃ​។​ប៉ូលិស​បានធ្វើ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នៅក្នុង​ទីតាំង​មួយចំនួន​ក្នុងប្រទេស​តួ​ក​គី ចាប់តាំងពី​ថ្ងៃទី​២២​ខែតុលា ដោយសារតែ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​គ្រោង​ធ្វើ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុងប្រទេស​។​

​ក្នុងចំណោម​ជនសង្ស័យ​ដែល​ចាប់ឃុំខ្លួន មាន​៩៦​នាក់​ជា​ជនជាតិ​តួ​ក​គី ដោយឡែក​១៨៧​នាក់​ទៀត ប៉ូលិស​មិន​បានបង្ហាញ​អត្ដ​សញ្ញាណ​ទេ គ្រាន់តែ​ដឹងថា​ជា​ជនបរទេស​។​ប៉ូលិស​បានបញ្ជាក់​ផងដែ​រថា បាន​រឹបអូស​នូវ​សម្ភារៈ​បំផ្ទុះ​ផលិត​ដោយ​ដៃ​ចំនួន​៦៦​គ្រាប់ មាន​កាំភ្លើង និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​មួយចំនួនទៀត​។​

​គួរ​ជម្រាប​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​ទើបតែ​បាត់បង់​មូលដ្ឋាន​ធំ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​ទីតាំង​ដែល​ពួកគេ​ធ្លាប់បាន​ប្រកាស​ជា​រដ្ឋធានី​នៅក្នុង​ប្រទេស​ស៊ី​រី ក៏​ទើបតែ​បាត់បង់​ក្នុងពេល​ថ្មីៗ​ដែរ​។​ក្រុមអ្នកតាមដាន​សិទ្ធិមនុស្ស​ស៊ី​រី​និយាយថា ពួកគេ​មាន​ព័ត៌មាន​ដែលថា​មន្ដ្រីជាន់ខ្ពស់​និង​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​មកពី​ប្រទេស​នានា បាន​ជម្លៀស​ចេញពី​ស៊ី​រី​ចូលក្នុង​ប្រទេស​តួ​ក​គី​។​

សូម​រម្លឹកថា ការវាយប្រហារ​ភេរវកម្ម​បង្កឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​កើនឡើង​ទាំង​នៅក្នុង​តំបន់​អឺរ៉ុប អាស៊ី និង​តំបន់​ផ្សេងៗ​ទៀត​។​នេះ​ស​បញ្ជាក់ថា ក្រុម​រដ្ឋ​អ៊ីស្លាម​ពិតជា​មាន​សមាជិក​នៅ​គ្រប់​ទីកន្លែង ហើយ​ពួកគេ​ពិតជា​មាន​មនោគមវិជ្ជា​ខ្លាំង ដែល​អាច​បញ្ជា​ពី​ចម្ងាយ​ឲ្យ​សមាជិក​បើក​ការវាយប្រហារ​បាន​៕

ព័ត៌មានផ្សេងទៀត