អង្ករ​ក្រអូប​៣​សំណាក​ត្រូវបាន​ជ្រើសរើស​ទៅ​ប្រកួត​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន​

02-11-2017 12:18 pm 1223
ក្រុមអ្នកជំនាញអង្ករ ពិនិត្យស្វែងរកស្រូវអង្ករប្រណីតល្អបំផុត កាលពីថ្ងៃទី០១ វិច្ឆិកា ។ រូបថតពី CRF ។

​ក្រោយ​ឆ្លងកាត់​ការសាកល្បង និង​ប្រកួតប្រជែង​អង្ករ​ចំនួន​២៣​សំណាក ដែល​ចូលរួម​ពី​រោង​ម៉ាស៊ីនកិនស្រូវ​ជាង​១០​រោង​ម៉ាស៊ីន និង​៦​សហគមន៍​កសិករ ទីបំផុត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​រកឃើញ​អង្ករ និង​ជ្រើសរើស​អង្ករ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ឆ្នាំ​២០១៧ បាន​ចំនួន​៣​សំណាក ។ ក្នុងនោះ អង្ករ​ក្រអូប​ប្រណីត​លេខ​មួយចំនួន​២​សំណាក និង​អង្ករ​ក្រអូប​ធម្មតា ចំនួន​១​សំណាក ត្រូវបាន​ជ្រើសរើស​ទៅ​ប្រកួត​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន នៅ​ដើម​ខែ​វិច្ឆិកា​នេះ ។​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើង​ថា អង្ករ​ដែល​បានដាក់​ចូលរួម​ក្នុង​ការប្រកួតប្រជែង​ឆ្នាំនេះ មានការ​វេច​ខ្ចប់ និង​គុណភាព​ល្អ មិន​អន់​ជាង​ឆ្នាំ​មុនៗ​ឡើយ ។ ដោយហេតុនេះ លោក សុខ ពុទ្ធី​វុ​ធ បង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​ការប្រកួតប្រជែង​នៅ​ឆ្នាំ​នេះ ។ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ​បញ្ជាក់ថា បោះ​ទោះបីជា​២​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​មិន​បាន​ឈរ​ក្នុង​ដំណែង​លេខ​១​ពិតមែន តែ​កម្ពុជា​មិន​ដែល​ចាកចេញ​ពី​កំពូល​លំដាប់​ទាំង​បី​នៃ​អង្ករ​ល្អ​បំផុត​ឡើយ ។​

​សូម​រំឭកថា អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា ធ្លាប់​បាន​ជាប់​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​លេខ​១ បី​ឆ្នាំ​ជាប់​គ្នា នៅ​ឆ្នាំ​២០១២ ដល់​២០១៤ ។ ក្នុង​រយៈ​កាលពីរ​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​២​វិញ ខណៈ​ថៃ​ជាប់​លេខ​១ ។ ទោះយ៉ាងណា​ក៏ដោយ ឆ្នាំនេះ កម្ពុជា​បង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ដណ្តើម​ដំណែង​លេខ​១​មកវិញ ស្រប​ពេល​ការផលិត​អង្ករ​កម្ពុជា​ហាក់​មាន​ភាព​កាន់តែ​ប្រសើរ ។​

​គូសបញ្ជាក់ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ស្វែងរក​អង្ករ​ល្អ​បំផុត កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ក្រោយ​រកឃើញ​នូវ​អង្ករ​ប្រណីត​ចំនួន​៣​សំណាក​ក្នុងចំណោម​២៣​សំណាក កម្ពុជា​នឹង​នាំ​យក​អង្ករ​ទាំងនេះ ទៅ​ចូលរួម​ប្រកួត​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត