ក្រសួងទេសចរណ៍​​សង្ឃឹម​​សាធារណៈជន​​ចូលរួម​​គ្រប់គ្រង​​សំរាម​​ឲ្យបាន​ត្រឹមត្រូវ​

01-11-2017 5:56 pm 1805

គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ដោយ សង្ឃឹម​ជឿជាក់​លើ ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ និង​សាធារណៈជន​ទាំងអស់​នឹង​ចូលរួម​គ្រប់គ្រង​សំរាម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំង​ប្រទេស កម្ពុជា​។​

ជាមួយគ្នានេះ ក្រសួង​ទេសចរណ៍ ក៏​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២-៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ដោយ​អនុវត្តន៍​នូវ ចំណុច​មួយចំនួន​ដូចជា​៖ កុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​, កុំ​បន្ទោ​របង់​ពាសវាល​ពាសកាល​ចូល​ទន្លេ និង​កន្លែង​សាធារណៈ​ផ្សេងៗ​, ត្រូវ​វេច​ខ្ចប់​សំរាម និង​ទុកដាក់​ឲ្យបាន​ត្រឹម​ត្រូ​វ​ក្នុង​ធុងសំរាម​,​ត្រូវ​ប្រើប្រាស់​បង្គន់​សាធារណៈ​ឲ្យបាន​ត្រឹមត្រូ​វ និង​ត្រូវ​ចូលរួម​អប់រំ​អំពី​ភាព​ស្អាត ការថែរក្សា​អនាម័យ​ដល់​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ជុំវិញខ្លួន​។​

​សូមបញ្ជាក់​ថា សេចក្តីប្រកាស​នេះ ធ្វើឡើង ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ និង​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំ​បុក​​ចាប់ពី​ថ្ងៃ​ទី​២-៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​៕
​ ដោយ​៖​ប៉ា សុ​ខេង​

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត