តុលាការ​កំពូល​សម្រេច​ឲ្យបន្តឃុំខ្លួន​លោកកឹម សុខា​ដដែល ​

31-10-2017 12:31 pm 1175
លោកកឹម សុខា ក្នុងពេលកំពុងចាប់ខ្លួន។

តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានបើកសវនាការជំនុំជម្រះទោសក្បត់ជាតិ របស់លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ ជាលទ្ធផលតុលាការកំពូល បានបង្គាប់ឲ្យបន្តឃុំខ្លួនលោកកឹម សុខា ដូចសាលាដំបូងដដែល ដោយសម្រចច្រានចោលបណ្តឹងជំទាស់ របស់ក្រុមមេធាវីការពារក្តី។មេធាវីការពារក្តីលោកកឹម សុខា បានហៅការសម្រេចរបស់តុលាការកំពូលថា ជាការសម្រេចមិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តី និងមិនអាចទទួលយកបានទេ។

សវនាការនាព្រឹកនេះ ជាសវនាការធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីរបស់លោកកឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចកាលពីដើមខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងជាតំណាងមហាអយ្យការ។

ក្នុងសវនាការនេះ ធ្វើឡើងដោយគ្មានវត្តមានលោកកឹមសុខាទេ។តែយ៉ាងណាក្តី គេសង្កេតឃើញថា អាជ្ញាធរបានដាក់ពង្រាយកម្លាំងជាច្រើននៅតាមបណ្តាផ្លូវ និងជុំវិញបរិវេណតុលាការកំពូលនាព្រឹកថ្ងៃនេះ។ការដាក់កម្លាំងយាមកាមយ៉ាងតឹងរឹងនេះ គឺដើម្បីការពារការធ្វើបាតុកម្មទាមទារឲ្យដោះលែកលោកកឹម សុខា។

ក្រោយបញ្ចប់សវនាការ តុលាការកំពូល បានសម្រេចតម្កល់ដីការបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល មានន័យថា ឲ្យបន្តឃុំខ្លួនលោកកឹម សុខា តាមការសម្រេចរបស់តុលាការដំបូង។សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានសម្រេចចេញដីកាឃុំខ្លួនលោកកឹមសុខា ដោយចោទប្រកាន់ពីបទ«សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

មេធាវីការពារមួយរូប គឺ លោក សំ សុគង់ ហៅការសម្រេចរបស់តុលាការកំពូលនេះថា ជាការសម្រេចមួយ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកទេ និងមិនអាចទទួលយកបានឡើយ។លោកថា តុលាការកំពូលធ្វើឡើងខុសនីតិវិធី ដោយមិនគួរណាទាត់ចោលការបកស្រាយរបស់ក្រុមមេធាវីរបស់លោក…

សំឡេងលោកសំ សុគង់៖

ជាការកត់សម្គាល់ តាំងពីលោក កឹម សុខា ជាប់ឃុំក្រុមមេធាវីការពារក្ដីតែងតែព្យាយាមប្រើគ្រប់សព្វលទ្ធភាព ដើម្បីឲ្យកូនក្ដីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមមេធាវីបានប្ដឹងទៅកាន់សាលាឧទ្ធរណ៍ ជំទាស់នឹងការសម្រេចឃុំខ្លួនរបស់សាលាដំបូង។ ប៉ុន្តែនៅក្នុងសវនាការថ្ងៃទី២៦កញ្ញា សាលាឧទ្ធរណ៍បានតម្កល់ដីកាសម្រេចឃុំខ្លួនរបស់សាលាដំបូងក្រុងភ្នំពេញទុកជាបានការដដែល ហើយនៅពេលនេះ ក្រុមមេធាវី ការពារក្តីលោកកឹម សុខា បានបរាជ័យបន្តទៀតដោយសារតែការសម្រេចរបស់តុលាការកំពូល ដែលជាការសម្រេចបិទផ្លូវតវ៉ា៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត