ចេតិយ​លោក​កែម ឡី​ត្រូវការ​ថវិកា​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ទើប​រួចរាល់​

30-10-2017 4:20 pm 1385
រូបភាពពីអង្គភាពសារព័ត៌មានFresh News

​គិត​រហូត​មក​ទល់​នឹង​ពេលនេះ ចេតិយ​របស់​លោក​កែម ឡី ទើបតែ​សម្រេចបាន​ប្រហែលជា​៣០​ភាគរយ​តែ​ប៉ុណ្ណោះ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​កែម រិទ្ធិ​សិទ្ធ ប្អូនប្រុស​បង្កើត​របស់​លោក​កែម ឡី បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​។​

លោក​កែម រិទ្ធិ​សិទ្ធបាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ចេតិយ​ដែល​សាងសង់​នេះ​គឺ​ត្រូវ​ចំណាយ​ទឹកប្រាក់​រហូតដល់​ទៅ​១៧​ម៉ឺន​ដុល្លារ​។​ប៉ុន្តែ​នៅពេល​នេះ​គឺ នៅ​ខ្វះខាត​ថវិកា​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ​ទៀត ទើប​ចេតិយ​នេះ​អាច​សាង់សង់​បាន​រួចរាល់​...

​សំឡេង​លោក​កែម រិទ្ធិ​សិទ្ធ​៖

​កន្លង​មក​ដោយសារតែ​មាន​ការអំពាវនាវ​ពី​សំណាក់​ក្រុម​គ្រួសារ​លោក​កែម ឡី ទាក់ទង​នឹង​ការខ្វះខាត​ថវិកា​ក្នុង​ការកសាង​ចេតិយ​នេះ ក៏​មាន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​នាំគ្នា​បរិច្ចាគ​ថវិកា​ក្នុង​ការជួយ​កសាង ក្នុងនោះដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​ផ្តល់ជូន​ថវិកា​រហូតដល់​ទៅ ៧​ម៉ឺន​ដុល្លារ​ផងដែរ ដើម្បី​បន្ត​យក​ទៅ​សាងសង់​ចេតិយ​។​

យោង​តាម​គណៈកម្មការ​សាងសង់​ចេតិយ លោក​កែម ឡី ធ្លាប់​បាន​ឱ្យដឹងថា​ចេតិយ​លោក​កែម ឡី ត្រូវ​បាន​សិក្សា​តាម រចនាបទ​បាពួន ដែល​ចេតិយ​នេះ​គឺ​សាងសង់​នៅ​ចំណុច​ផ្នូរ​សព​លោក​​កែម ឡី ក្នុង​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ នោះ​តែម្តង ។​ចំពោះ​ប្លង់​នៃ​គម្រោង​សំណង់​ចេតិយ​នេះ ចែកចេញ​ជា ៣​ផ្នែក គឺ​ខឿន តួ​ចេតិយ និង​កំពូល​។ ក្នុងនោះ ខឿន មាន​បង្គោល​សីមា​ព័ទ្ធជុំវិញ ដែល​មាន​រចនាបទ​ប្រាសាទ​ព្រះវិហារ​ផងដែរ ដោយ​មាន​រូបចម្លាក់​ស​ត្វតោ នៅ​ឈរ​ការពារ​ទាំង​៨​ទិស​។ រីឯ​តួ​ប្រាង្គ​ចេតិយ ត្រូវបាន​បែងចែក​ជា​៥​ថ្នាក់ ហើយ​ប្រាង្គ​ផ្គុំ​គ្នា ក្លាយ​ជា​តួ​ចេតិយ​មួយ ដែល​នៅ​កំពូល​ប្រាង្គ​ចេតិយ មាន​រូបព្រហ្ម​មុខ​បួន​តំណាង ឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​៤ និង​មាន​បណ្តោយ​៩​ម៉ែត្រ ទទឹង ៩​ម៉ែត្រ កំពស់ ១៦​ម៉ែត្រ​៕

 ពាក្យគន្លឹះ  លោកកែមឡី

ព័ត៌មានផ្សេងទៀត