បំណុល​កម្ពុជា​នឹង​បន្ត​កើនឡើង​ជិត​ដល់​៨​ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​២០១៨

30-10-2017 4:15 pm 22145
ក្រាហ្វិកបង្ហាញពីទិន្នន័យបំណុលក្រៅប្រទេសរបស់កម្ពុជា គិតត្រឹមឆមាសទីមួយ ឆ្នាំ២០១៧ ។

​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ខ្ចី​ប្រាក់​ប្រមាណ ១,៤០០​លាន​ដុល្លារ ដើម្បី​សម្រេចបាន​ទិសដៅ​ថវិកា​ដែល​គ្រោងទុក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨ ដែល​បំណុល​ជាតិ​គិត​នៅត្រឹម​ចុងឆ្នាំ​២០១៨ តួលេខ​នឹង​កើនឡើង​ដល់ ៧,៦​ពាន់​លាន​ដុល្លារ ខណៈ​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៧ មាន​ចំនួន ៦,២​ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​សេចក្តីព្រាងច្បាប់​ស្តី​ថវិ​កា​ជាតិ​ឆ្នាំ​២០១៨ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ។​

​ឯកសារ​ដដែល​បានបង្ហាញ​ថា ទំហំ​ទឹកប្រាក់​រហូតដល់ ១,៤០០​លាន​ដុល្លារ​នោះ គឺ​ទទួលបាន​មក​ពី​ការចុះហត្ថលេខា​ខ្ចី​លើ​គម្រោង​សរុប​ចំនួន​២៦ ពី​ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង និង​ឥណ្ឌា ។​

​ជាងនេះទៅទៀត រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ពិចារណា​លើ​គម្រោង​៣១​ផ្សេងទៀត ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ​២,៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨ ដែល​នឹង​បង្កើន​បំណុល​ជាតិ​រហូត​ដល់​ទៅ ៨,៨​ពាន់​លាន​ដុល្លារ ។​

​គូសបញ្ជាក់ថា ទិន្នន័យ​គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច​ស្តីពី​បំណុល​សាធារណៈ​កម្ពុជា​បាន​បង្ហាញថា ក្នុងចំណោម​ភាគី​ទាំងអស់​ខាងលើ​ដែល​បាន​ចូល​រួមចំណែក​ធ្វើ​ជា​ម្ចាស់បំណុល​កម្ពុជា ចិន​បាន​ឈរ​លើ​លំដាប់​លេខ​រៀង​ទីមួយ ដែល​ក្នុងនោះ​កម្ពុជា​ជំពាក់​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ ស្មើនឹង ៤២.៩៨​ភាគរយ ។ ធនាគារ​អភិវឌ្ឍន៍អាស៊ី ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ ស្មើនឹង ២២.៣៣​ភាគរយ ។ ប្រទេស​ជប៉ុន ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ ស្មើនឹង ១១.១២​ភាគរយ ។ ធនាគារពិភពលោក ចំនួន​ជាង​៩០០​លាន​ដុល្លារ ស្មើនឹង ១០.២០​ភាគរយ ។ កូរ៉េខាងត្បូង​ចំនួន​ជិត​៧០០​លាន​ដុល្លារ ស្មើនឹង ៧.៣៣​ភាគរយ ។ បារាំង ចំនួន​ជាង​១០០​លាន​ដុល្លារ ស្មើនឹង ១.៤៥​ភាគរយ និង​ប្រទេស​ឥណ្ឌា​ជា​ង​៧៥​លាន​ដុល្លារ ស្មើនឹង ០.៨១​ភាគរយ ។​

​យ៉ាងណាក្តី បើទោះបីជា​តួលេខ​នៃ​បំណុល​បាន​បន្ត​កើនឡើង​ក៏ដោយ ក្រសួង​សេដ្ឋកិច្ច​នៅតែ​អះអាងថា ការបង្កើន​ទំហំ​នៃ​កម្ចី នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ ក៏​ព្រោះ​រដ្ឋាភិបាល​រំពឹង​ទៅលើ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ នោះ​សមត្ថភាព​សង​របស់​កម្ពុជាក៏​ខ្ពស់ជាង​មុន​ដែរ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត