អភិបាលក្រុង​ជំរុញ​ឲ្យ​បង្កើន​ល្បឿន​​ជួសជុល​​ផ្លូវ​ចំណុច​វិទ្យាល័យ​ជ​ម្ពូ​វ័ន្ត​​ឲ្យបាន​មុន​បុណ្យអុំទូក​

30-10-2017 11:09 am 976
លោកឃួង ស្រេងអំឡុងពេលចុះពិនិត្យការជួសជុលផ្លូវកាលពីយប់ថ្ងៃទី២៩ខែតុលា(ប្រភពពីសារព័ត៌មានកម្ពុជា)

​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​បាន​ដឹកនាំ​មន្ត្រី ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ការដ្ឋាន​អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​អាកាស​ថ្មើរជើង​ជម្ពូ​វ័ន្ត រហូតដល់​រង្វង់​មូល​ចោមចៅ វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៧​។ កាលពី​រាត្រី​ថ្ងៃទី​២៩​ខែតុលា លោក​ឃួង ស្រេង​បាន​ជំរុញ​ឲ្យ​បង្កើនល្បឿន​ជួសជុល​ផ្លូវ​នេះ ឲ្យបាន​មុន​ពិធី​បុណ្យអុំទូក ដែល​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤​ខែវិច្ឆិកា​។ ជំរុញ​ឲ្យ​បង្កើនល្បឿន​ជួសជុល​ឲ្យបាន​មុន​ថ្ងៃ​បុណ្យអុំទូក ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។ 

​ការដ្ឋាន​អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ​៤ កំណាត់​​ទី​១​នេះ បានចាប់ផ្តើម​កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០១៧ ដែលមាន​ប្រវែង ១៧៥០​ម៉ែត្រ ទទឹង ២២​ម៉ែត្រ ចាប់ពី​រង្វង់​មូល​ចោមចៅ​ដល់​ផ្លូវ​កប់​ស្រូវ ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​។ ដោយឡែក កំណាត់​ទី​២ ប្រវែង ៥៩៥០​ម៉ែត្រ ទទឹង ១៨​ម៉ែត្រ ចាប់ពី​ផ្លូវ​កប់​ស្រូវ​ដល់​ព្រំប្រទល់​ខេត្ត​កណ្តាល ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏​កំពុង​ស្ថាបនា​គ្រឹះ​ផងដែរ​។​

​គួរ​កត់សំគាល់ថា ផ្លូវជាតិ​លេខ​៤​ចំណុច​ផ្សារ​ជម្ពូ​វ័ន្ត រហូតដល់​រង្វង់​មូល​ចោមចៅ  មាន​ការកកស្ទះ​ចរាចរណ៍​ខ្លាំង ដែល​ធ្វើឲ្យ​អ្នកធ្វើដំណើ​ររអ៊ូរទាំ​ផងដែរ​។ 

​យ៉ាងណាក៏ដោយ ដើម្បីឲ្យ​ដំណើរការ​ជួសជុល​ផ្លូវ​នេះ មាន​ដំណើរការ​រលូន ក្រសួង​និង​សាលា​រាជធានី​ភ្នំពេញ បាន​បែងចែក​ការងារ​គ្នា​រួចហើយ បន្ទាប់ពី​បើក​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​។ នៅ​ក្នុងនោះ លើផ្លូវ​សហព័ន្ធ​រុស្សី និង​ផ្លូវជាតិ​លេខ​៤​ដែល​គ្រោង​ជួសជុល​ឡើងវិញ ប្រវែង​ប្រមាណ​២០​គីឡូម៉ែត្រ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​ការជួសជុល​ពី​ស្តុប​បេកា​សេ (​ស្តុប​អគារការណា​ឌី​យ៉ា​) រហូតដល់​ស្តុប​កប់​ស្រូវ មាន​ប្រវែង​ជាង​១៩​គីឡូម៉ែត្រ​។ ដោយឡែក ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​វិញ ជា​អ្នកទទួលខុសត្រូវ​ជួសជុល​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ស្តុប​កប់​ស្រូវ ដល់​ព្រំប្រទល់​ខេត្ត​កណ្តាល ដែលមាន​ប្រវែង​៧៧០​ម៉ែត្រ​៕

 ពាក្យគន្លឹះ  លោកឃួងស្រេង

ព័ត៌មានផ្សេងទៀត