បារាំង​​យល់ព្រម​​ជួយ​ប្តូរ​​ខ្នាត​​ផែនទី​​កម្ពុជា​​-​​ឡាវ​​

28-10-2017 1:57 pm 1007
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា

“​សម្តេច​នាយករដ្ឋមន្ត្រី​បានអោយដឹងថា រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​អោយ​អ្នកឯកទេស​មកជួយ​រឿង​ផែនទី​កម្ពុជា ឡាវ​ហើយ​” នេះ​ជា​ការលើកឡើង​របស់លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កាលពី​ថ្ងៃ​​ម្សិល​មិញ​​។

​ការ​ទើបតែ​ផ្តល់​ចម្លើយ​ជា​វិជ្ជមាន​ប្រទេស​បារាំង​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក​ថោង​លន់ ស៊ី​ស៊ូ​លី​ត កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅនេះ បាន​ឯកភាពគ្នា​សរសេរ​លិខិត​ដាក់​ទៅ​រដ្ឋាភិបាល​បារាំង ដើម្បី​សុំ​អ្នកជំនាញ​មកជួយ​ប្តូរ​ខ្នាត​ផែនទី​កម្ពុជា​ពី​ខ្នាត​១​លើ​១០០​ពាន់ មក​ខ្នាត​១​លើ​៥០​ពាន់​វិញ​។ ការសម្រេច​ប្តូរ​ខ្នាត​ផែនទី​នេះ គឺ​ដើម្បី​យកមក​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ជួប​ភាព​ចម្រូលចម្រា​ស់នឹង​គ្នា​នៅពេលឡាវ​បាន​ដាក់កងទ័​ពចូល​មក​ទឹកដី​កម្ពុជា នៅ​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ខែសីហា កន្លងទៅ​។​

​ភាព​តានតឹង​ផ្នែក​យោធា​របស់​ភាគី​ឡាវ នៅតាម​បណ្តា​យ​ព្រំ​ដែន​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ក៏​ឡើង​ក្រោយពេល​ដែល​កម្ពុជា​សាងសង់​ផ្លូវ នៅ​ចំណុច​តំបន់​ទាំងពីរ​ខាងលើនេះ​។ យ៉ាងណាក្តី កាលណោះ កងទ័ព​ឡាវ​សម្រេច​ដកចេញ​វិញ ក្រោយ​មាន​​សំណើ​​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​មាន​ការចរចារ​តទល់​គ្នា​រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ចំពោះ​ការដោះស្រាយ​វិវាទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ តាមរយៈ​ការប្តូរ​ខ្នាត​ផែនទី​ថ្មី​នេះ គឺ​មិន​ទាន់​​ដឹង​ថា បារាំង​នឹង​បញ្ជូន​អ្នកជំនាញ​របស់ខ្លួន​មក​នៅពេលណា​នោះទេ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​៕

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត