កងទ័ព​អ៊ីរ៉ាក់​​វាយ​ដណ្ដើមបាន​​ទីតាំង​ចុងក្រោយ​​របស់​ក្រុម​​រដ្ឋ​អ៊ីស្លាម​

27-10-2017 10:36 am 709
ក្បួនរថយន្ដ​កងទ័ព​អ៊ីរ៉ាក់

​កងទ័ព​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​២៦​តុលា បាន​ដណ្ដើមយក​មកវិញ​នូវ​មូលដ្ឋាន​យោធា​មួយចំនួន​រួមទាំង​ភូមិ ដែលជា​ទីតាំង​ចុងក្រោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​កាន់កាប់​នៅ​ក្នុងប្រទេស បន្ទាប់ពី​បាន​បើក​យុទ្ធនាការ​បណ្ដេញ​ក្រុម​នេះ​ចេញ​។​ប្រតិ​បត្ដិកា​រដែល​សម្ព័ន្ធ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ចាត់ទុក​ជាការ​ប្រយុទ្ធ​ចុងក្រោយ ធ្វើឡើង​បន្ទាប់ពី​កងទ័ព​អ៊ីរ៉ាក់​ទើបបាន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមឃឺ​ដ​ផងដែរ​។​

​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រឆាំងនឹង​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ ដោយសារ​ក្រុម​នេះ​ចង់​ប្រកាស​ឯករាជ្យ​ចេញពី​ការគ្រប់គ្រង​របស់​អ៊ីរ៉ាក់​។​ក្រុមឃឺ​ដ​ទើបតែ​បោះឆ្នោត​ប្រជាមតិ​ក្នុងពេល​ថ្មីៗ ប៉ុន្ដែ​រដ្ឋាភិបាល​អ៊ីរ៉ាក់​មិន​ព្រម​ឡើយ​។​

​ក្រុមអ្នកតាមដាន​ស្ថានការណ៍​បារម្ភ​ថា បន្ទាប់ពី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម កងទ័ព​អ៊ីរ៉ាក់​អាចមាន​ជម្លោះ​ជាមួយ​ក្រុមឃឺ​ដ​វិញ​ម្ដង ព្រោះតែ​ការចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​។​កងទ័ព​អ៊ីរ៉ាក់​បាន​ដណ្ដើមយក​មកវិញ​នូវ​ដែនដី​ប្រមាណ​៩០​ភាគរយ ដែល​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​កាន់កាប់​តាំងពី​ឆ្នាំ​២០១៤៕

ព័ត៌មានផ្សេងទៀត