បើតាមលោក ម៉េត មាសភក្កី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមកីឡាករចំណុះទូកដែលត្រូវ ចូលរួមប្រកួតក្នុងឆ្នាំនេះ ត្រូវបានរំពឹងថានឹងមានចំនួនពី១៨.០០០នាក់ ទៅ២០.០០០នាក់។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យពួកគាត់ស្នាក់នៅលើទីតាំងដីអភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុនOCIC លើទំហំដីជាង៣ហិកតា ដោយមានការរៀបចំតបណ្តាញទឹក ភ្លើង បង្គន់អនាម័យ និងទីតាំងប្រគុំតន្ត្រីផងដែរ។
លោក ម៉េត មាសភក្កី ថា អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំដាក់បន្ថែមបង្គន់ និងបន្ទប់ងូតទឹក សម្រាប់កីឡាករអុំទូកស្នាក់នៅ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ ជ្រោយចង្វាររបស់ ក្រុមហ៊ុនOCIC ក្នុងខណ្ឌជ្រោយចង្វារ ចំនួន៥០០បន្ទប់។
លោកបានបន្ដថា ចំពោះទីតាំងចតទូក ត្រូវបានរៀបចំបែងចែកជា៥មណ្ឌល តាមដងទន្លេសាប ស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារទាំងអស់ ដោយមិនអនុញ្ញាតឱ្យចតនៅខាងត្បូងស្ពាននោះទេ។ ចំពោះបង្គន់អនាម័យទាំងចល័ត និងនៅមួយកន្លែង ត្រូវបានរៀបចំឡើងចំនួន៤៦៦លើ២៦ទីតាំង ការតុបតែងលំអរភ្លើងបំភ្លឺសាធារណៈ តាមដងវិថី និងតាមសួនច្បារនានា។
លោកបានបន្ថែមថា ចំណែករថយន្តសង្គ្រោះ បានត្រៀមចំនួន៥៩គ្រឿង ក្នុងនោះមានរថយន្តរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១៥គ្រឿងត្រូវបានដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យរួមជាមួយស្តង់ សង្គ្រោះចំនួន១២គោលដៅផ្សេងទៀត។ឯការរៀបចំទីតាំងកម្សាន្ដ សប្បាយ ការប្រគំតន្ត្រី សិល្បៈ និងពិព័រណ៍ផលិតផល ទំនិញគ្រប់ប្រភេទ មានជាង១០ទីតាំង។
អ្នកនាំពាក្យរូបនោះបានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ រួមសហការជាមួយក្រុមហ៊ុនស៊ីនទ្រី នឹងប្រើប្រាស់កម្លាំងកម្មករចំនួន៨៥០នាក់ ដើម្បីប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅក្រុងក្នុងអំឡុងព្រះរាជពិធីបុណ្យ រួមទាំងការបញ្ចៀសរថយន្តធំមិនឱ្យចូលក្រុងតាមច្រកចូលរាជធានីភ្នំពេញ ទាំង៦ផងដែរ។ លើសពីនេះទៀត ការងារសំខាន់ និងចាំបាច់មួយទៀតគឺការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ក្នុងការការពារ ព្រះរាជពិធីបុណ្យ និងធានាបាននូវភាពសប្បាយរីករាយជូន ប្រជាពលរដ្ឋដែលនឹងចូលមករាជធានីភ្នំពេញរាប់លាននាក់ ក្នុងរយៈពេល៣ថ្ងៃខាងមុខនេះ៕