ការ​ត្រឡប់​​ចូល​ប្រទេស​កំណើត​វិញ​​នៃ​សមាជិក​​ក្រុម​IS​​នឹង​បង្ក​​ការគំរាមកំហែង​​ខ្លាំង​

25-10-2017 11:24 am 417
រូបភាព​សមាជិក​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

​ក្រុម​សកម្មប្រយុទ្ធ​បរទេស​រាប់ពាន់នាក់​ដែល​ចាកចេញ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ អាច​នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ នៅពេល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​នេះ​បើតាម​ការបញ្ជាក់​ពី​មជ្ឈមណ្ឌល​Soufan ជា​ក្រុមអ្នកវិភាគ​មួយក្រុម​។​Soufan​បាន​បន្ថែមថា យ៉ាងហោចណាស់​មាន​ប្រជាជន​៥,៦០០​នាក់ មកពី​ប្រទេស​ចំនួន​៣៣​ផ្សេងគ្នា បានធ្វើ​មាតុភូមិនិវត្ដន៍​ទៅប្រ​ទេស​កំណើត បន្ទាប់ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាត់បង់​ទឹកដី​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​ក្រុម​ដែល​មិន​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​ទាំងអស់នោះ នៅពេល​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​នឹងមាន​បញ្ហា​ប្រឈម​ខ្លាំង​ផ្នែក​សន្ដិសុខ និង​បង្កបញ្ហា​ដល់​ការ​អនុវត្ដ​ច្បាប់​ផងដែរ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បានប្រកាស​រដ្ឋ​កាលពី​ឆ្នាំ​២០១៤ នៅលើ​ទឹកដី​មួយ​ភាគ​ធំ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៤​។​ប៉ុន្ដែ​ពួកគេ​បាន​បរាជ័យ​ក្នុង​ការពារ​ដែន​អធិបតេយ្យ ត្រូវ​បាត់បង់​ប្រមាណ​៨៥%​ទៅ​កងទ័ព​ម្ចាស់​ស្រុក​ដែល​គាំទ្រ​ដោយ​អាមេរិក​និង​រុស្ស៊ី​។​ប៉ុន្ដែ​ទោះបី​គេ​បាត់បង់​ទឹកដី មជ្ឈមណ្ឌល​Soufan​បាន​ព្រមាន​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅតែ​មានជីវិត​រស់នៅ​ឡើយ មិនទាន់​រលាយ​ទេ​។​

​ក្នុងចំណោម​អ្នក​ប្រយុទ្ធ​បរទេសរ​បស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​មានជីវិត អាច​នឹង​បន្ដធ្វើ​សកម្មភាព​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​។​កន្លងមក​បណ្ដាញ​ក្រុម​រដ្ឋ​អ៊ីស្លាម​ធ្លាប់បាន​អះអាង​ទទួលខុសត្រូវ​ការវាយប្រហា​រ​នៅ​ទីតាំង​ជាច្រើន​ដូចជា នៅ​មជ្ឈិមបូព៌ា នៅ​អឺរ៉ុប​ជាដើម​។​Soufan​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ដែលមាន​ប្រជាជន​ទៅ​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​ពួកគេ​ត្រឡប់​ចូល​ប្រទេស​វិញ​៕

 ពាក្យគន្លឹះ  ក្រុមរដ្ឋអ៊ីស្លាម

ព័ត៌មានផ្សេងទៀត