សមាជិកព្រឹទ្ធសភា​អាមេរិក​ព្រមាន​ដាក់ទណ្ឌកម្មប្រឆាំង​មន្ត្រីខ្មែរ ​បើមិនដោះលែង​លោកកឹម សុខា ​

24-10-2017 10:54 am 2067
លោក ថេត គ្រូហ្ស សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Texas ។រូបពីCNN

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានព្រមានបិទទិដ្ឋាការ VISA ចំពោះមន្ត្រីកម្ពុជាមួយចំនួន មិនឲ្យចូលទឹកដីអាមេរិក បើមិនដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលបានចាត់ទុក ការព្រមាននេះជាការ ជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ហើយមិនមានឥទ្ធិពលលើកម្ពុជាឡើយ។

 លោក ថេត គ្រូហ្ស សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Texas បានផ្ញើលិខិតជូនលោកឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដែលចុះផ្សាយដោយវិទ្យុសំឡេងសហរដ្ឋអាមេរិក បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា នឹងតម្រូវឲ្យគណបក្សសង្រ្គោះជាតិ ចូលរួមការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ។

នៅក្នុងលិខិតនោះសមាជិកព្រឹទ្ធសភារបស់អាមេរិក បានសង្កត់ធ្ងន់ថា ប្រសិនបើមិនដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ វិច្ឆិកាទេ លោកនឹងធ្វើកិច្ចការជាមួយសហការីរបស់លោក នៅក្នុងសភា ហើយនឹងក្នុងរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដើម្បីពិនិត្យមើលចំពោះមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួន ដែលទទួលខុសត្រូវពីទង្វើទាំងនោះ មិនឲ្យធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិកទេ‍។

សមាជិកព្រឹទ្ធសភារបស់អាមេរិករូបនេះបានបញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ ការប៉ុនប៉ងបែងចែកអាសនៈរបស់គណបក្សជំទាស់ក្នុងរដ្ឋសភា ការបិទអង្គការ និងអង្គភាពព័ត៌មានឯករាជ្យ ការចាប់លោក កឹម សុខា ដាក់គុកមិនមែនគ្រាន់តែ ធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងអាមេរិក និងកម្ពុជាទេ គឺថែមទាំងលទ្ធិប្រជាធិបតេយ្យទៅថ្ងៃអនាគត។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានយល់ឃើញថា ការលើកឡើងរបស់សមាជិកព្រឹទ្ធសភាអាមេរិក គឺជានយោបាយរបស់អាមេរិក ហើយវាមិនមានឥទ្ធិពលអ្វីមកលើកម្ពុជាឡើយ។ មិនមានឥទ្ធិពល ដោយលោកពន្យល់ថា អាមេរិកសព្វថ្ងៃមិនមានអំណាចដូចមុនទេ ដោយសារតែនយោបាយអាមេរិក តែងតែបំផ្លាញដល់ប្រទេសដទៃ។ លោកផៃ ស៊ីផាន បានចាត់ទុកលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា។

គួរបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាត្រ ថ្ងៃទី ០៣ កញ្ញា ។ការចាប់ខ្លួននេះ ធ្វើឡើងក្រោយមានការចុះផ្សាយ និងចែងរំលែកតៗគ្នា នូវវីឌីអូខ្លីរបស់លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋរស់នៅបរទេសមួយក្រុម។ ក្នុងវីឌីអូនោះលោក កឹម សុខា បានលើកឡើង អំពីយុទ្ធសាស្ដ្រនយោបាយរបស់លោក ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក។

រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា គឺអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ដោយសារអាជ្ញាធរបានរកឃើញភស្តុតាងនៃបទល្មើសជាក់ស្ដែងអំពីអ្វីមួយដែលអាជ្ញាធរហៅថាជា«ផែនការសម្ងាត់នៃការឃុបឃិតគ្នា»រវាងលោក កឹម សុខា និងបក្សពួកជាមួយបរទេស។ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២៣ ខែតុលាថា ការអនុវត្តន៍សម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយ ហើយការអនុវត្តន៍ផ្លូវច្បាប់នេះ គឺជារឿងប្រសើរជាងការប្រើអាវុធ៕ 

 ពាក្យគន្លឹះ  លោកកឹម​សុខា

ព័ត៌មានផ្សេងទៀត