លោកគង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចំអកឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូប ដែលបានចុះចូលជាមួយគណបក្សប្រជាជនថា តំណាងរាស្ត្ររូបនេះ ប្រហែលជាត្រូវការប្រាក់ខែ ដែលនៅប៉ុន្មានខែទៀត ដើម្បីបង់រំលោះផ្ទះ ទើបសម្រេចចុះចូល ជាមួយគណបក្សប្រជាជន។
ស្របពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យទី២២ ខែតុលា បានអំពាវនាវឲ្យមេឃុំ-ចៅសង្កាត់ ព្រមទាំងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ឱ្យចុះចូលជាមួយគណបក្សកាន់អំណាច ប្រសិនបើចង់រក្សាតំណែង។ ក្រោយពីការអំពាវនាវនេះ ក៏មានតំណារាស្ត្រគណបក្សសង្គ្រោះជាតិមួយរូប នៅមណ្ឌលខេត្តព្រៃវែង បានសុំចុះចូលជាមួយគណបក្សប្រជាជនផងដែរ។
ការសុំចុះចូលរបស់តំណារាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានលោកគង់ គាំ ទីប្រឹក្សាជាន់គណបក្សសង្គ្រោះជាតិ ចំអកឱ្យថា លោកឡុង ប៊ុន្នី គាត់ត្រូវការប្រាក់ខែ ដែលនៅប៉ុន្មានខែទៀត ព្រោះត្រូវបង់រំលោះផ្ទះ។ លោកគង់ គាំ ក៏បានចំអកបន្តទៀតថា បើមានតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិដទៃទៀត មានបញ្ហាដូចលោកឡុង ប៊ុន្នី សូមអញ្ជើញទៅចុះ លោកមិនរារាំងនោះទេ.............
សំឡេង៖
យ៉ាងណាក៏ដោយលោកគង់ គាំ សង្ឃឹមថា តំណាងរាស្ត្រ និង ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងឆន្ទៈប្រជាពលរដ្ឋជាង ៣លាននាក់អ្នក នឹងនៅតែបន្តគាំទ្រជាមួយនឹងគណបក្សសង្គ្រោះជាតិដដែល។ លោកគង់ គាំ ក៏បានទទូចឱ្យតំណាងរាស្ត្រ និង ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិទាំងអស់ ពិចារណាឱ្យបានល្អិតល្អន់ មុននឹងសម្រេចធ្វើអ្វីមួយ។
សូមបញ្ជាក់ថា ការចំអករបស់លោកគង់ គាំ ទៅលើតំណារាស្ត្រគណបក្សសង្គ្រោះជាតិ លោកឡុង ប៊ុន្នី នេះ ធ្វើឡើងក្នុងពិធីគោរពខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧៕