ទំព័រហ្វេសប៊ុកមួយឈ្មោះថា សមាគមវៀតណាមនៅកម្ពុជា ដែលបង្ហោះសារប្រមាថព្រះមហាក្សត្រខ្មែរ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនប្រតិកម្ម ហើយជំរុញអាជ្ញាធរចាត់វិធានការជាបន្ទាន់ ពីព្រោះពួកគេយល់ថា ទង្វើប្រមាថបែបនេះ ជាការជ្រែតជ្រែក និងមិនអាចទទួលយកបានឡើយ។ ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមិនមានសមត្ថកិច្ចចាត់ការលើទំព័រហ្វេសប៊ុកនេះទេ។
បើតាមសំណេរនៅលើទំព័រហ្វេសប៊ុកឈ្មោះ Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា កាលពីថ្ងៃទី២១តុលា បានបង្ហោះសារជាសាធារណៈ ដែលមានខ្លឹមសារជំរុញឲ្យព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ឡាយព្រះហត្តលេខាលើសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤ ឬបើកផ្លូវឲ្យមានអ្នកចុះហត្ថលេខាជំនួស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ បើមិនដូច្នោះទេ ទំព័រហ្វេសប៊ុកមួយនេះ ទាមទារឲ្យព្រះមហាក្សត្រខ្មែរចុះចេញពីរាជបល្ល័ង្គ ហើយមកនៅក្រោមឱវាទរបស់លោកហ៊ុន សែន ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍។
មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានប្រតិកម្មចំពោះការប្រមាថលើព្រះមហាក្សត្រខ្មែរយ៉ាងដូច្នេះ ហើយពួកគេជំរុញឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការលើទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា មួយនេះ។
ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាថា មិនមានសមត្ថកិច្ចចាត់វិធានការលើទំព័រហ្វេសប៊ុកនេះទេ។ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងប្រាប់វិទ្យុវាយោនៅថ្ងៃនេះថា ម្ចាស់ទំព័រហ្វេសប៊ុកនេះ ជាអ្នករស់នៅក្រៅប្រទេស មានសញ្ជាតិពីរ ហើយជាបក្សពួកជាមួយលោកសម រង្ស៊ី។ ដូច្នេះ វាហួសពីសមត្ថកិច្ចរបស់អាជ្ញាធរក្នុងការចាត់វិធានការ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកខៀវ សុភ័គ...
សំឡេងលោកខៀវ សុភ័គ៖
បើតាមការស្រាវជ្រាវកន្លងមករបស់ក្រសួងមហាផ្ទៃ ឃើញថាសមាគមនេះ មិនមានការចុះបញ្ជីសមាគមនៅក្រសួងឡើយ។ បែបនេះក្តី លោកខៀវ សុភ័គ បញ្ជាក់ថា ក្រសួងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចាត់វិធានការរាល់ជនណាដែលធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រខ្មែរ ហើយមិនរួចផុតពីសំណាញ់ច្បាប់នោះទេ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា ដែលបង្កើតតាំងពីចុងឆ្នាំ២០១៤ បានវាយប្រហារ និងប្រមាថព្រះមហាក្សត្រខ្មែរ។ កាលពីដើមខែមីនា ទំព័រហ្វេសប៊ុកនេះ បានប្រកាសហាមមិនឲ្យហៅវៀតណាមណាមួយថា យួនដាច់ខាត បើហៅ ឬជេរ ដាច់ខាតត្រូវចាប់ដាក់គុក ទោះស្តេច នរោត្តម សីហមុនី ក៏ដោយ។
យ៉ាងណាក៏ដោយ សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា ធ្លាប់បានចេញមុខមកបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ដោយថា សមាគមមិនដែលបង្កើតទំព័រហ្វេសប៊ុកណាមួយឡើយ។ សមាគមក៏បានអំពាវនាវឲ្យមានវិធានការផ្លូវច្បាប់ ចំពោះជនក្លែងបន្លំហ្វេសប៊ុកនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមាគម និងជាការញុះញង់មួយមិនអាចទទួលយកបាន។ សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា អះអាងថា ជានិច្ចកាលតែងតែគោរពព្រះមហាក្សត្រ ក៏ដូចជាអនុវត្តគោរពតាមច្បាប់កម្ពុជា៕