បណ្ដុំអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាចំនួន១២ បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការប្ដឹងរំលាយ គណបក្សសង្គ្រោះជាតិ និងការធ្វើវិសោធកម្មច្បាប់ចំនួន៤ ក្នុងបំណងរំលែកអាសនៈបក្សដែលត្រូវរំលាយ ឲ្យទៅគណបក្សផ្សេង។ អង្គការសង្គមស៊ីវិលទាំងនោះ ចាត់ទុកការបែងចែក អាសនៈគណបក្សសង្គ្រោះជាតិ ឲ្យទៅគណបក្សដទៃទៀត ជាការមិនគោរពសំឡេងឆន្ទៈប្រជាពលរដ្ឋ។
ប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល ត្រូវបានធ្វើឡើង នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី១៩ ខែតុលា ពាក់ព័ន្ធទៅនឹងការរំលាយ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏ដូចជា ការកែប្រែរូមន្តថ្មី នៃការបែងចែក អាសនៈគណបក្សនយោបាយដែលត្រូវរំលាយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ សមាគម និង អង្គការសង្គមស៊ីវិលចំនួន១២ នៅកម្ពុជា បានលើកឡើងថា៖ «ជាយថាហេតុការរំលាយគណបក្សប្រជែង រហូតមិនអាចចូលរួមប្រកួតការបោះឆ្នោត នឹងនាំឲ្យមានបញ្ហា នៃភាពត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិនៅឆ្នាំ២០១៨ ខាងមុខនេះ»។
សេចក្ដីថ្លែងការណ៍បន្ថែមថា ការអនុវត្តន៍រូបមន្តថ្មី ដើម្បីបែងចែកអាសនៈ គណបក្សដែលត្រូរំលាយ នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមាន និងអយុត្តិធម៌ធ្ងន់ធ្ងរ ចំពោះសំឡេងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
ផ្អែកទៅលើ សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤នៅពេលថ្មីៗនេះ អាសនៈរបស់ គណបក្សសង្គ្រោះជាតិចំនួន៥៥ ដែលបានពីការគាំទ្រ របស់ប្រជាពលរដ្ឋ ប្រមាណ៣លាននាក់ កាលពីឆ្នាំ២០១៣ ព្រមទាំង អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងជាង៥,០០០ ដែលទើបបានពីការបោះឆ្នោតថ្មីៗនេះ អាចនឹងត្រូវគេហែកចែកគ្នា ប្រសិនបើគណបក្សនេះត្រូវរំលាយចោលមែននោះ។
ក្រុមអង្គការសង្គមស៊ីវិល អះអាងថា ប្រសិនបើដៃគូប្រជែងដ៏សំខាន់ របស់គណបក្សប្រជាជន ត្រូវបានរំលាយចោល នោះការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ខាងមុខ នឹងមិនមានភាពត្រឹមត្រូវ សេរីភាព និងយុត្តិធម៌នោះទេ។
យ៉ាងណាក្ដីរដ្ឋាភិបាល ជារឿយៗបានការពារចំណាត់ការរបស់ខ្លួន ចំពោះគណបក្សសង្គ្រោះជាតិ និងថាបើទោះបីគ្មាន គណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក៏កម្ពុជានៅតែមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដដែល។
ថ្លែងប្រាប់វិទ្យុវាយោ នាពេលថ្មីៗនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គម្រោងរំលាយគណបក្សសង្គ្រោះជាតិ និងការយកអាសនៈគណបក្សនេះ ទៅចែកឲ្យគណបក្សផ្សេង គឺជាការត្រឹមត្រូវ មិនមែនជាការប្លន់អំណាចនោះទេ...
សំឡេងលោក សុខ ឥសាន៖
គួរបញ្ជាក់ជូនថា មកដល់ពេលនេះ សេចក្ដីស្នើកែប្រែច្បាប់ ដើម្បីបែងចែកអាសនៈ គណបក្សដែលត្រូវរំលាយ នៅរង់ចាំតែព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាប៉ុណ្ណោះ នឹងចូលជាធរមាន។
ក្នុងដំណាក់កាលនេះ គណបក្សសង្គ្រោះជាតិ ក៏កំពុងតែមានគម្រោង ដាក់លិខិតស្នើសុំព្រះមហាក្សត្រ ឲ្យទ្រង់ជួយដោះស្រាយ វិបត្តិនយោបាយផងដែរ៕