គ​.​ជ​.​ប​ ផ្ទេរ​សមត្ថកិច្ច​​ឲ្យ​រដ្ឋសភា​​ជា​តំណាង ​ចុះឈ្មោះ​បោះឆ្នោត​​ព្រឹទ្ធសភា​​នីតិកាល​ទី​៤​

19-10-2017 9:40 am 1824

​យោងតាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា កាលពី​ថ្ងៃទី​១៨​តុលា បញ្ជាក់ថា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ផ្ទេរ​សមត្ថកិច្ច​ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ឲ្យបំពេញ​តួនាទី​ជា​តំណាង ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​។  

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា បានប្រកាស​ប្រាប់ដ​ល់ស​មាជិក​រដ្ឋសភា​ក្នុង​តំណែង​ទាំងអស់ មក​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១៩ ខែ តុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋសភា​។​

​សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ទាំងអស់ ដែល​អាច​ចុះឈ្មោះ​បាន ត្រូវមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ ប័ណ្ណ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឬ ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើឲ្យ​ការបោះឆ្នោត ដែល​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​សេចក្តីជូនដំណឹង ក៏​បានបញ្ជាក់​បន្ថែមថា "​អ្នកសង្កេតការណ៍ និង​តំណាង​គណបក្សនយោបាយ ដែលមាន​ការបញ្ជាក់​ទ​ទួល​ស្គាល់ ពី​គណៈកម្មកាធិ​ការជាតិ​រៀបចំ​ការបោះ​ឆ្នោត អាច​អញ្ជើញ​មក​សង្កេតការណ៍​ដំណើរការ នៃ​ការចុះឈ្មោះ​បោះឆ្នោត​បាន​។​

​ជា​ការកត់សម្គាល់ រយៈពេល​នៃ​ការចុះឈ្មោះ​នេះ ស្របពេល​ដែល​សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជា​ពាក់កណ្តាល មិនមាន​វត្តមាន​នៅក្នុង​ប្រទេស ដែល​ភាគច្រើន គេចខ្លួន ក្រោយពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ព្រមាន​ចាប់ខ្លួន ក្នុងករណី​មាន​ការពាក់ព័ន្ធ​ជា​ប្រព័ន្ធ នឹង​ករណី​លោក​កឹម សុខា ដែល​រដ្ឋាភិបាល​ចោទថា ក្បត់ជាតិ នោះ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ​។​

​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤ មាន​៦២​រូប ក្នុងនោះ ២ រូប តែងតាំង ដោយ​ព្រះមហាក្សត្រ , ២​រូប​ទៀត ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប និង​សមាជិក ៥៨​រូប​ទៀត ត្រូវ​ជ្រើសតាំង តាម​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិ​ទី​៤៕

 ពាក្យគន្លឹះ  បោះឆ្នោតព្រឹទ្ធសភា

ព័ត៌មានផ្សេងទៀត