ចៅអធិការ​វត្ត​​បំភ្លឺ​ជុំវិញ​រឿង​អាចារ្យ​ទារលុយ​២៦០០​ដុល្លារ​ពី​បុណ្យសព​សាន ស្រី​ឡៃ​

18-10-2017 9:29 am 3818

​បន្ទាប់ពី​មាន​រឿង​ដ៏​ចម្រូងចម្រាស់ ទាក់ទង​នឹង​ការទារ​ថ្លៃ​តម្កល់ និង​ចាត់ចែង​បុណ្យសព តារាចម្រៀង​អ្នកនាង​សាន ស្រី​ឡៃ ចំនួន​២៦០០​ដុល្លារ ដែល​ធ្វើឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​រួចមក ព្រះចៅអធិការ​វត្ត​សែន សុខ បាន​បដិសេធ និង​សង្ឃដីកា​អះអាងថា ជាគោលការណ៍​រួម វត្ត​មិន​ដែល​យក​ថ្លៃ​ពី​ពិធី​បុណ្យសព របស់​ប្រជាពលរដ្ឋ​ណា​នោះឡើយ លើកលែង​តែ​ពលរដ្ឋ ចង់​ប្រគេន​កសាង​សមិទ្ធផល​ក្នុង​វត្ត នោះ​វត្ត​នឹង​ទទួល​, រីឯ ករណី​អាចារ្យ​ទារលុយ គឺជា​រឿង​បុគ្គល​តែប៉ុណ្ណោះ​។​

​មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ ព្រះ​តេជគុណ​អង្គ​នេះ មាន​ថេរ​ដីកា​បន្តថា ព្រះ​តេជគុណ មិន​បានដឹង​រឿង​អាចារ្យ​ទារលុយ​ថ្លៃ​តម្កល់ និង​ចាត់ចែង​បុណ្យ​សព​នោះ​ទេ ហើយ អាចារ្យ​រូបនេះ ក៏​មិនមែន​ជា​អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ​ដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា អាចារ្យ​រូបនេះ មាន​ឈ្មោះ​មាស សំណាង  រស់នៅ​ភូមិ​ទី​៧ ហើយ​ជា​អាចារ្យ​ធំ​។​

​ជុំវិញ​បញ្ហា​នេះ លោកមាស រិទ្ធី អគ្គនាយករង​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស បាន​សម្តែង​ការហួសចិត្ត និង​ទទួលយក​មិនបាន ចំពោះ​សម្តី​របស់​អាចារ្យ មាស សំណាង ដែល​បាន​និយាយថា ថៅកែ​ហង្ស​មាសធំ​ប៉ុណ្ណា​ប៉ុណ្ណី​មក​ថោកទាប អត់​លុយ​ឲ្យ​វត្ត​។ លោក​បាន​បញ្ជាក់ថា តើ​វត្ត​ជា​ទី​អារាម សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ​ធ្វើ​ទាន ឬក៏​ជា​សណ្ឋាគារ​សម្រាប់​គិតថ្លៃ​?

​លោក​មាស រិទ្ធី បន្តថា អាចារ្យ​ឈ្មោះ​មាស សំណាង បានទាមទារ​ថ្លៃ​តម្កល់​សព និង​ការចាត់ចែង​មួយចំនួន​ដូចជា ១៖ ប្រគេន​ចំពោះ​វត្ត​សម្រាប់​តម្កល់សព ១២៥០​ដុល្លារ ទី​២៖ អាចារ្យ​យោគី ៥០០​ដុល្លារ ទី​៣៖ សម្រាប់​វត្ត​ចាត់ចែង​ពិធី​៖ ៧០០​ដុល្លារ ទី​៤៖ ក្តារ​មឈូស ១៥០​ដុល្លារ ដែល​សរុប​ទឹកប្រាក់​ចំនួន​២៦០០​ដុល្លារ​។​

​យ៉ាងណាក៏ដោយ ករណីនេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ បន្ទាប់​ពី​មាន​ការអន្តរាគមន៍ ពី​មន្ត្រី​អាជ្ញាធរ​ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ​។ ករណីនេះ អាជ្ញាធរ​អះអាងថា ជា​រឿង​បុគ្គល​របស់​អាចារ្យ ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង មិន​ពាក់ព័ន្ធ​ជាមួយនឹង​វត្ត គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​នោះឡើយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត