លោក​ទៀ បាញ់​៖​​បើ​មាន​ការតវ៉ា​​ព្រោះ​សង្គ្រោះ​ជាតិ​​រលាយ ​កងទ័ព​​នឹង​បង្ក្រាប​​

17-10-2017 10:53 am 22061

ប្រមុខ​ការពារជាតិ​កម្ពុជា លោក​ទៀ បាញ់ បាន​ចេញមក​ប្រកាស​ជា​សាធារណៈ នៅ​រសៀល​ថ្ងៃទី​១៦ តុលា​ថា គណបក្សប្រឆាំង​នឹងត្រូវ​រំលាយ​នៅ​ខាងមុខនេះ ហើយ​កងទ័ព​ទាំងអស់​ត្រៀមខ្លួន រួចជាស្រេច​ប្រឆាំង​បុគ្គល​ទាំងឡាយណា ដែល​ចង់​បង្ក​ភាពវឹកវរ​ដល់​សង្គម និង​ចង់​ផ្ដួល​រលំ រាជរដ្ឋាភិបាល​ស្របច្បាប់​។​

ការប្រកាស​របស់លោក​ទៀ បាញ់​បែបនេះ អាចជា​សារ​មួយ ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មានបំណង​បាតុកម្ម ដើម្បី​តបត​ទៅនឹង​ការ រំលាយ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​។ លោក​ទៀ បាញ់ ក៏បាន​អំពាវនាវ ដល់​មេ​អង្គភាព​ទាំងអស់ ត្រូវតែ​ត្រៀមខ្លួន​អនុវត្ត រាល់​បទបញ្ជា​របស់​រដ្ឋាភិបាល​។​

​លោក​ទៀ បាញ់ បាន​និយាយថា រាជរដ្ឋាភិបាល​ហ៊ាន​ចាប់ ដល់​ទៅ​ប្រធាន​គណបក្សប្រឆាំង​ហើយ រឿង​អ្វី​ផ្សេងទៀត គឺ​មិន​បង្អែរ​បង្អង់​នោះឡើយ​។​

ចាប់តាំងពី​ការធ្វើ​វិសោធនកម្ម​ស្តីពី​គណបក្សនយោបាយ​មួយ​លើក​ជា​ពីរលើក បាន​កម្ចាយ​លោក​សម រង្ស៊ី ឲ្យ​ខ្ទាត​ចេញពី​សង្វៀន ករណី​ចាប់​លោក​កឹម សុខា ដាក់ពន្ធនាគារ ក្រោម​បទ​ចោទថា​ក្បត់ជាតិ ប្តឹងទៅ​តុលាការ​កំពូល ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​មកដល់​ដំណាក់កាល​ចុងក្រោយ ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត សម្រាប់​បើកផ្លូវ​ពុះ​ចែក​អាសនៈ​គណបក្សប្រឆាំង ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​។​ប្រាកដ​ណាស់​ថា ការណ៍​នេះ​នឹង​ធ្វើឲ្យ​ថ្ងៃ​អន្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មកដល់​ឆាប់ៗ​នេះ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​មាស នី ធ្លាប់បាន​ប៉ាន់ប្រមាណ​មើល​ថា បើ​មាន​ការតវ៉ា ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កងទ័ព​ចេញ​បង្ក្រាប ពេលនោះ​ភាពចលាចល​នឹង​កើតមាន​ក្នុងសង្គម ហើយ​រដ្ឋាភិបាល​អាច​នឹង​ប្រកាស​ភាពអាសន្ន​។​លោក​មាស នី ថា​ពេលនោះ​អាច​នឹង​មិនមាន​ការបោះ​ឆ្នោត ឬ​ពន្យារពេល​បោះឆ្នោត ដូច​នៅ​ប្រទេស​ថៃ​ក៏​ថា​បាន​។ ប៉ុន្តែ​លោក​ថា នេះ​គ្រាន់តែ​ជា​ការប៉ាន់ស្មាន​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  លោកទៀបាញ់

ព័ត៌មានផ្សេងទៀត