លោក គឹម សុខ ធ្វើ​កូដកម្ម​រហូត​លោក កឹម សុខា មាន​សេរីភាព​

08-10-2017 3:24 pm 15782
លោក គឹម សុខ នៅមុនពេលត្រូវបានចាប់ខ្លួន។ រូបថត៖ vayo fm

​លោក គឹម សុខ ដែល​កំពុងតែ​ជាប់ពន្ធនាគារ ដោយសារ​តែ​ការចោទប្រកាន់ថា គណបក្ស​ប្រជាជន ជា​អ្នក​សម្លាប់​លោក កែម ឡី នោះ បាន​ផ្ញើលិខិត​មួយ​ច្បាប់​ជា​សាធារណៈ​ថា លោក​បាន​សម្រេចចិត្ត ធ្វើ​កូដកម្ម​ហូប​តែ​ទឹក​បបរ អំបិល និង​បន្លែ​ស្រុះទឹកក្ដៅ ជំនួស​បាយ និង​សាច់ រហូត​ទាល់តែ បាន ឃើញ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​សេរីភាព​ឡើងវិញ​។

«​ជន​ក្បត់ជាតិ ពុំ​មែន​លោក កឹម សុខា ទេ សូម​ដោះលែង​គាត់​» នេះ​គឺជា​ចំណងជើង សំបុត្រ ដែល លោក​គឹម សុខ បាន​ផ្ញើ​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧​។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រូបនេះ អះអាងថា លោក​បាន​សិក្សា ស្រាវ ជ្រាវ រក​មិន​ឃើញ​ថា សកម្មភាព ឬ​ការ​ថ្លែង​ណាមួយ របស់លោក កឹម សុខា បង្ហាញថា លោក​ជា​ជន ក្បត់ជាតិ​នោះទេ ហើយ​ការចោទប្រកាន់ និង​ចាប់ខ្លួន​លោក កឹម សុខា គឺ​ជា​ទង្វើ​បង្ក​ការ​បែក បាក់​ជាតិ ខ្មែរ​ដ៏​អាក្រក់​បំផុត​។​

​លោក គឹម សុខ អំពាវនាវ​យ៉ាងទទូច​ឲ្យមាន​ការដោះលែង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង ដូច្នេះ ថា​៖« ដើម្បី​ទម្លុះទម្លាយ​ស្ថានការណ៍​ជាតិ ដ៏​កោលាហល​បែបនេះ ជម្រើស​ល្អ​បំផុត គឺ​ការដោះលែង លោក​កឹម សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ហើយ​ងាក​ទៅរក​តុ​ជជែក​គ្នា បើក​ច្រក ទៅរក​ការ ប្រកួ ត​ប្រជែង ដោយ​យុត្តិធម៌​»​។​

​ក្រៅតែពី​ការអំពាវនាវ​ឲ្យមាន​ការដោះលែង​លោក​កឹម សុខា លោក​គឹម សុខ ឲ្យដឹង​តាម រយៈ​លិខិត ទៀតថា លោក​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​តម​អាហារ ដោយ​បរិភោគ​តែ​ទឹក​បបរ អំបិល និង​បន្លែ ស្រុះ ទឹក​ក្ដៅ រហូត​ទាល់តែ​បាន​ឃើញ​លោក កឹម សុខា មាន​សេរីភាព​។​

​លោក គឹម សុខ បន្ថែមទៀតថា  ប្រសិន​បើ​តុលាការ​ត្រូវការ​ឲ្យ​លោក បង្ហាញ​សក្ខីកម្ម​បញ្ជាក់ថា លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់ជាតិ​នោះ លោក​រីករាយ​នឹង​ចូល​ខ្លូន​បំភ្លឺ​គ្រប់ពេលវេលា​។​

​គួរបញ្ជាក់​ថា​លោក​គឹម សុខ គឺជា​អ្នកវិភាគ​នយោបាយ ដែល​ធ្លាប់​ធ្វើ​អធ្បាធិប្បាយ​ថា គណបក្ស ប្រជា ជន ជា​អ្នក​សម្លាប់​លោក កែម ឡី និង​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស វែកមុខ​រក​ឃាតករ​មិនឃើញ​។ ក្រោយមក លោក​គឹម សុខ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង សង​សំណង​ជំងឺ​ចិត្ត ដល់​ប្រធាន​គណបក្ស​ប្រជាជន ចំនួន​១០០​លាន​រៀល​៕


 ពាក្យគន្លឹះ  លោកកឹមសុខ

ព័ត៌មានផ្សេងទៀត