តុលាការព្រហ្មទណ្ឌថៃបានចេញដីកាចាប់ខ្លួនជាលើកទីពីរ សម្រាប់អតីតនាយករដ្ឋមន្ដ្រីថៃអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានភៀសខ្លួនចេញពីប្រទេសថៃតាំងពីខែសីហា គឺចាកចេញមុនតុលាការកាត់ទោសកំបាំងមុខឲ្យអ្នកស្រីជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែសក្នុងការគ្រប់គ្រងគម្រោងទិញស្រូវអង្ករប្រជាជន ធ្វើឲ្យខាតថវិកាជាតិ៨ពាន់លានដុល្លារអាមេរិក។ដីកាចាប់ខ្លួនលើកទីពីរបានចេញកាលពីថ្ងៃពុធ សម្រាប់ការរំលោភច្បាប់អន្ដោប្រវេសន៍។
សូមបញ្ជាក់ថា អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបើទោះបីរកឃើញថាមានកំហុសក៏ដោយ អ្នកស្រីនៅតែប្រកែកថាមិនបានធ្វើខុសទេ និងថាអ្នកស្រីជាជនរងគ្រោះនយោបាយប៉ុណ្ណោះ។អ្នកស្រីបានចាកចេញពីប្រទេសថៃឆ្ពោះទៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ហើយក្រោយមកលឺដំណឹងថា អ្នកស្រីកំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយបាននឹងកំពុងស្វែងរកសិទ្ធិជ្រកកោននយោបាយនៅទីនោះផង។
អតីតនាយករដ្ឋមន្ដ្រីថៃរូបនេះ ត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៤។អ្នកស្រីមានវាសនាដូចបងប្រុសបង្កើតគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងដូចគ្នាកាលពីឆ្នាំ២០០៦។លោកថាក់ស៊ីនក៏កំពុងរស់នៅបរទេសដែរ ក្រោយនិរទេសចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨៕