ក្រុមហ៊ុន​Tesla​ បរាជ័យ​​ក្នុង​ការ​ផលិត​​រថយន្ត ​Model 3​ បាន​​តិច​ជាង​​ការ​រំពឹង​ទុក​​

03-10-2017 5:37 pm 1694
Tesla Model 3

​ក្រុមហ៊ុន Tesla បរាជ័យ​ក្នុង​ការវាយលុក​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី Model 3 នៅ​ត្រីមាស​ទី​បី​នេះ ដោយសារ​ជួប​ឧបសគ្គ​នៅក្នុង​ដំណើរការ​ផលិតកម្ម​។ ក្រុមហ៊ុន​Tesla ដែល​គ្រប់គ្រង​ដោយ​លោក​មហាសេដ្ឋី Elon Musk គឺ​ផលិត​រថយន្ត Model 3 បានតែ​ចំនួន ២៦០​គ្រឿង​ប៉ុណ្ណោះ ក្នុង​រយៈពេល ៣​ខែ គិត​ត្រឹម​ខែ​កញ្ញា ដែល​ស្ថិតនៅក្រោម​គោលដៅ​របស់ខ្លួន​ចំនួន ១,៥០០​គ្រឿង​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន Tesla បានឱ្យដឹងថា ការផលិត​រថយន្ត Model 3 បានចាប់ផ្តើម​កាលពី​ខែកក្កដា ហើយ​លទ្ធផល​គឺ​តិចជាង​ការរំពឹងទុក ដោយសារតែ​ការបង្អាក់​នៃ​ការផលិត ជាមួយនឹង​ប្រព័ន្ធ​ផលិតកម្ម​តិចតួច ដែល​ធ្វើឲ្យមាន​ការយឺតយ៉ាវ និង​រងចាំ​យូរ​។ បញ្ហា​នេះ បានធ្វើឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ធ្លាក់ចុះ ១.៥​ភាគរយ​។ នេះ​បើតាម​សេចក្តីប្រកាស​ដដែល​។​
​ទោះជា​យ៉ាងណា ក្រុមហ៊ុន​នេះ​អះអាងថា ខ្លួន​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​រយៈពេល​ខ្លី​។​

​លោក Elon Musk  ប្រធាន​ក្រុមហ៊ុន​Tesla បាន​និយាយ​កាលពីពេល​កន្លងទៅ​ថា ការផលិត​រថយន្ត​អគ្គិសនី Model 3​នេះ គឺ​មានបំណង​ផ្តោតលើ​ទីផ្សារ​កាន់តែ​ទូលំទូលាយ ជាមួយនឹង​តម្លៃ​ចាប់ផ្តើម​របស់​វា ចំនួន​៣៥.០០០​ដុល្លារ​។ លោក​បញ្ជាក់ថា តម្លៃ​នេះ គឺ​ធូរ​ថ្លៃ​ជាង​រថយន្ត Model S និង X ដែល​មានតម្លៃ​រហូតដល់​៨០.០០០​ដុល្លារ​។

​ក្រុមហ៊ុន Tesla ធ្លាប់បាន​រំពឹកថា ការផលិត​រថយន្ត Model 3 នឹង​កើនឡើង​ដល់ ២០,០០០​គ្រឿង ក្នុង​មួយខែ នៅក្នុង​ខែធ្នូ​ខាងមុខនេះ​។ ប៉ុន្តែ ដោយសារ​ជួប​ឧបសគ្គ​នៅក្នុង​ដំណើរការ​ផលិតកម្ម ក្រុមហ៊ុន​នេះ បានដាក់​ការ​ព្យាករ​ជាថ្មី​ថា នឹង​ផលិត​រថយន្ត Model 3 ចំនួន ៥០០​គ្រឿង ក្នុង​មួយ​សប្តាហ៍ នៅ​ចុងឆ្នាំ​២០១៧​នេះ​៕

Tesla Model S

Tesla Model X

​ប្រភព​៖ The telegraph

 ពាក្យគន្លឹះ  បច្ចេកវិទ្យារថយន្ត

ព័ត៌មានផ្សេងទៀត