លោកកឹម សុខាថា​ “ខ្ញុំពុំដែល​មានផែនការ​សម្លាប់​ជាតិខ្មែរទេ” ​

03-10-2017 8:35 am 5614
លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។រូបពីAP

លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី០២ ខែតុលាឆ្នាំ២០១៧នេះ បានចេញជាសារលិខិតផ្ញើជូនប្រជាពលរដ្ឋខ្មែរ សហគមន៍អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងសារលិខិតនោះលោកកឹម សុខា បានអះអាងថា លោកពុំដែលមានផែនការណាមួយធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ ឬធ្វើឱ្យបង់អធិបតេយ្យ និងធនធានធម្មជាតិកម្ពុជាឡើយ។បើតាមលោកកឹម សុខា លោកតែងតែទាមទារឱ្យមានការដោះស្រាយដោយអហិង្សា តាមយរយៈការបោះឆ្នោត។ 

ក្រៅពីនេះលោកកឹម សុខា បានពន្យល់ថា ការប្រឡូកក្នុងឆាកនយោបាយរបស់លោក ជាមួយគណបក្សសង្រ្គោះជាតិ គឺធ្វើឡើងដើម្បីការផ្លាស់ប្តូរដោយអហិង្សា និងជាវិជ្ជមាន មិនមែនសម្រាប់លំអរលទ្ធិប្រជាធិបតេយ្យទេ។លោកបន្ថែមទៀតថា រាល់ទង្វើលរបស់លោក មិនមានភាពខុសច្បាប់ឡើង។ផ្ទុយទៅវិញ គឺជាសិទ្ធិ និងតួនាទី ដែលមានចែកក្នុងរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យកម្ពុជាគោរពតាមលទ្ធិប្រជាធិបត្យ សេរីពហុបក្ស។

បន្ថែមពីការពន្យល់ប្រធានគណបក្សប្រឆាំងរូបនេះ បានធ្វើការពារអំពាវនាវចេញពីពន្ធនាគារផ្ញើជូនប្រជាពលរដ្ឋខ្មែរ សហគមន៍អន្តរជាតិ និងអាជ្ញាធរផងដែរ។សម្រាប់ប្រជាពលរដ្ឋ មេបក្សប្រឆាំង បានអំពាវនាវថា “កុំតក់ស្លុត ត្រូវរូបរួមគ្នាការពារយុត្តិធម៌”។លោកថា គ្មានអំណាចណាអាចយកឈ្មះលើអំណាចឆន្ទៈ ប្រជាពលរដ្ឋឡើយ។រីឯសហគមនអន្តរជាតិ លោកអំពាវនាវឱ្យចាត់វិធានការសកម្មភាពជាក់ស្តែង ដើម្បីសង្គ្រោះកម្ពុជាឱ្យទាន់ពេលវេលា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ចំណែកសមត្ថកិច្ច រាជរដ្ឋាភិបាល និងតុលាការវិញ លោកកឹម សុខា បានអំពាវនាវឱ្យមានការពិចារណាឡើងវិញនៅការចោទប្រកាន់មកលើរូបលោក ហើយលោកគូសបញ្ជាក់ថា មិនមែនជាយុទ្ធសាស្ត្រធ្វើឱ្យខ្មែរទទួលបានផលប្រយោជនឡើយ។បើតាមលោកកឹម សុខា បានសង្គត់ធ្ងន់ថា លោកមិនមែនជាសត្រូវរបស់បក្សកាន់អំណាចទេ តែលោកជាគូរប្រកួតក្នុងការរួមចំណែកកែលំអរជាតិខ្មែរ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលលោក កឹម សុខា បានចេញមុខបកស្រាយ ចំពោះការចាប់ខ្លួនរូបលោក។លោក កឹម សុខា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាត្រ ថ្ងៃទី ០៣ កញ្ញា ។ការចាប់ខ្លួននេះ ធ្វើឡើងក្រោយមានការចុះផ្សាយ និងចែងរំលែកតៗគ្នា នូវវីឌីអូខ្លីរបស់ លោក កម សុខា ថ្លែងទៅកាន់ពលរដ្ឋរស់នៅបរទេសមួយក្រុម។ ក្នុងវីឌីអូនោះលោក កឹម សុខា បានលើកឡើង អំពីយុទ្ធសាស្ដ្រនយោបាយរបស់លោកក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក។

រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា ទាំងរំលងអធ្រាត្រនេះ គឺអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ដោយសារអាជ្ញាធរបានរកឃើញភស្តុតាងនៃបទល្មើសជាក់ស្ដែងអំពីអ្វីមួយដែលអាជ្ញាធរហៅថាជា«ផែនការសម្ងាត់នៃការឃុបឃិតគ្នា»រវាងលោក កឹម សុខា និងបក្សពួកជាមួយបរទេស។

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានថ្លែងសារព្រមានធ្ងន់ៗ អំពីលទ្ធភាពនៃការរំលាយចោលគណបក្សនយោបាយ ដែលហ៊ានចេញមុខការពារមេដឹកនាំរបស់ខ្លួន ដែលត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើ «ក្បត់ជាតិ»។លោកថា នឹងមានការចាប់ខ្លួនបន្ថែមទៀត ពីព្រោះសកម្មភាពនេះមានលក្ខណៈជាប្រព័ន្ធ៕ 

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត