ADB ផ្ដល់​កម្ចី​​៧០​លាន​ដុល្លារ ​ដើម្បី​បង្កើន​​ប្រសិទ្ធភាព​​គ្រប់គ្រង​​ប្រព័ន្ធ​​គមនាគមន៍​​នៅ​កម្ពុជា​​

02-10-2017 2:53 pm 932

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​យល់ព្រម​ផ្តល់​ប្រាក់កម្ចី​ចំនួន​៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ធ្វើឲ្យ​វិស័យ​គមនាគមន៍ និង​ដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា កាន់តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព ទប់ទល់​នឹង​គ្រោះមហន្តរាយ ជាពិសេស ការកែលម្អ​ផ្លូវជាតិ ក្នុង​ខេត្តព្រៃវែង សៀមរាប និង​ស្វាយរៀង ដែលជា​ខេត្ត​ស្ថិតនៅតាម​បណ្តោយ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS)​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បាន​ចេញផ្សាយ នៅ​ថ្ងៃទី​០២ តុលា នេះ​។​

​បើតាម​អ្នកស្រី Oyunchimeg Erdene អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​គមនាគមន៍​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​បញ្ជាក់ថា នៅ​កម្ពុជា ផ្លូវថ្នល់​គឺជា​ប្រភេទ​គមនាគមន៍​ចម្បង​ជាងគេ ដែល​ធ្វើឲ្យ​ការដឹកជញ្ជូន​ផ្លូវថ្នល់​មាន​សារៈសំខាន់ ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ប៉ុន្តែ​លោកស្រី​ថា អនុវិស័យ​ផ្លូវថ្នល់ ក្នុងប្រទេស​កម្ពុជា​នៅតែ​មិនមាន​ប្រសិទ្ធភាព និង​នៅមាន​លក្ខណៈ​បែកខ្ញែក​នៅឡើយ​។ ក្រៅពី​កែលំអ ផ្លូវថ្នល់​ដែលមាន​ស្រាប់​នៅក្នុង​ខេត្ត​គោលដៅ​ទាំងបី គម្រោង​នេះ ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​ផងដែរ​»​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ADB បានឲ្យដឹងថា បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កម្រិត​នៃ​ការតភ្ជាប់ និង​ប្រសិទ្ធភាព​ទាប ដោយសារតែ​ក្របខ័ណ្ឌគតិយុត្តិ នៅ​មិនទាន់មាន​ពេញលេញ សមត្ថភាព​ស្ថាប័ន​នៅមានកម្រិត​ទាប ការចូលរួម​របស់​វិស័យ​ឯកជន​នៅមានកម្រិត ហើយ​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​ទៀតសោត​នៅ​ខ្វះ​និរន្តរភាព​។ មាន​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​ប្រវែង​ជាង ១៥.៤០០ គីឡូម៉ែត្រ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​ការជួសជុល និង​ស្តារឡើងវិញ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​ទំ​នាក់​ទំនង​របស់​ប្រទេស​កម្ពុជា ជាពិសេស ជាមួយ​បណ្តា​ប្រទេសជិតខាង​របស់ខ្លួន​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​។​

គម្រោង​នេះ នឹង​កែលម្អ​កំណាត់​ផ្លូវជាតិ​ប្រវែង ១៤៧ គីឡូម៉ែត្រ ដែលជា​កំណាត់​ផ្លូវ​គ្មាន​សុវត្ថិភាព និង​ងាយ​លិចលង់​ដោយសារ​ទឹកជំនន់ ហើយ​ក្នុងពេល​ជាមួយគ្នា ក៏​ជួយ​ឲ្យ​ផ្លូវ​នេះ​អាច​ត​ភ្ជាប់​ទំនាក់ទំនង​គ្រប់​រដូវ​កាល និង​ធន់​ទៅនឹង​អាកាសធាតុ​។​

​គម្រោង​នេះ នឹង​បង្កើន​សមត្ថភាព​របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​សេនាធិការ ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​របស់​ខ្លួនឲ្យបាន​កាន់​តែ​ប្រសើរ តាមរយៈ​ការកែលម្អ​ការប្រើប្រាស់ និង​ការថែទាំ​។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏​នឹង​ជួយ​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ច្បាប់​ចរាចរណ៍​ផងដែរ​៕

 ពាក្យគន្លឹះ  ធនាគារអភិវឌ្ឍអាស៊ី

ព័ត៌មានផ្សេងទៀត