លោកហ៊ុន សែន​ប្រកាសចាប់ខ្លួន​មនុស្សមួយ​ចំនួន​ទៀត​ដែលរួមគំនិត«ក្បត់ជាតិ»​

02-10-2017 10:20 am 11019
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករកន្លងទៅ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសថានឹងចាប់មនុស្សមួយចំនួនទៀតដែលបានរួមគំនិត«ក្បត់ជាតិ» និងចូលដៃជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពេលដែលលោកអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។ 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃចន្ទនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត ឱ្យអ្នកណាមកបំផ្លាញសន្តិភាពរបស់កម្ពុជាទេ ហើយក៏មិនមែនបញ្ចប់ត្រឹមចាប់ខ្លួនមនុស្សម្នាក់ដែរ។លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បទល្មើសនេះ គឺការរៀបចំមានលក្ខណៈជាប្រព័ន្ធ ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា។ដូច្នេះរដ្ឋាភិបាល មិនអនុញ្ញាតឱ្យអ្នកណាធ្វើជា ខ្ញុំបម្រើបរទេស មកបំផ្លាញខ្មែរគ្នាឯងឡើយ។

ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានព្រមានថា មិនអាចឱ្យអ្នកណាមកធ្វើឧទ្ទាមក្នុងទីក្រុងទេ ឧទ្ទាមក្នុងទីក្រុងតាមរយៈបដិវត្តពណ៌ មិនអាចធ្វើបានជាដាច់ខាត ហើយក៏ មិនអនុញ្ញាតឱ្យឧទ្ទាមទីក្រុងបំផ្លាញសន្តិភាព និងសន្តិសុខជាតិនោះទេ។

សំឡេងលោកហ៊ុន សែន៖

គួរកត់សម្គាល់ថា ការព្រមានចាប់ខ្លួនបន្ថែមពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពេលនេះ ទោះបីជាលោកថ្លែងមិនឱ្យចំឈ្មោះ តែគេអាចស្មានដឹងថា គឺសំដៅទៅលើលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលរដ្ឋាភិបាលចោទពីបទ ក្បត់ជាតិ និងជាដំណើរនៃសញ្ញាបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដែលមានអាមេរិកនៅពីក្រោយ។

ប៉ុន្តែយ៉ាងណាក្តីសម្រាប់គណបក្សសង្គ្រោះជាតិ បានចាត់ទុកការចាប់ខ្លួន និងការចោទប្រកាន់ទៅលើលោក កឹម សុខា គឺជាការអនុវត្តផ្ទុយពីស្មារតីច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយថា ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ពិសេសលើបញ្ហាជាតិធំៗ៕ 

ព័ត៌មានផ្សេងទៀត