នាយករដ្ឋមន្ដ្រីថៃលោកប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោកបានដឹងពីកន្លែងលាក់ខ្លួនរបស់អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាហើយ គឺអ្នកស្រីកំពុងស្នាក់នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។លោកប្រាយុទ្ធថាប៉ូលិសនឹងធ្វើការជាមួយក្រសួងការបរទេស រួមទាំងប៉ូលិសអាំងទែប៉ូលតាមចាប់ខ្លួនអ្នកស្រីយីងឡាក់។
ប៉ុន្ដែតាមប្រភពពីគណបក្សភឿថៃរបស់អ្នកស្រីវិញ បានបញ្ជាក់ថាអតីតនាយករដ្ឋមន្ដ្រីថៃរូបនេះ កំពុងស្ថិតនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសឯណោះ និងកំពុងស្វែងរកសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា តុលាការកំពូលថៃទើបតែប្រកាសកាត់ទោសកំបាំងមុខ កាលពីថ្ងៃពុធ ដាក់ពន្ធនាគារអ្នកស្រី៥ឆ្នាំ ពីបទធ្វេសប្រហែសក្នុងកិច្ចការគ្រប់គ្រងគម្រោងទិញស្រូវអង្ករប្រជាជនគ្រាអ្នកស្រីនៅជានាយករដ្ឋមន្ដ្រី ដែលធ្វើឲ្យខាតថវិកាជាតិ៨ពាន់លានដុល្លារអាមេរិក។
តាមពិតសាលក្រមត្រូវប្រកាសតាំងពីថ្ងៃទី២៥សីហាមកម្ល៉េះ ប៉ុន្ដែដោយសារអ្នកស្រីមិនបានបង្ហាញខ្លួននៅតុលាការ ទើបត្រូវពន្យាពេលដល់ថ្ងៃទី២៧កញ្ញា។កាលនោះមេធាវីការពារក្ដីរបស់អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមានជំងឺទើបមិនអាចចូលបង្ហាញខ្លួនក្នុងសវនាការ។ប៉ុន្ដែក្រោយមកក៏លឺដំណឹងថា អ្នកស្រីបានរត់ភៀសខ្លួនចេញពីប្រទេសថៃទៅហើយ។
សូមរម្លឹកថា អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៤ ក្រោយមានការតវ៉ាតាមដងផ្លូវជាច្រើនខែ បង្កជាវិបត្ដិជាប់គាំងនយោបាយ។អ្នកស្រីមិនខុសពីបងប្រុសបង្កើតឡើយ គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ដ្រីដូចគ្នាកាលពីឆ្នាំ២០០៦៕