លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​​បង្ហើប​ទីតាំង​​លាក់ខ្លួន​​របស់​អ្នកស្រី​​យី​ង​ឡាក់​ហើយ​

28-09-2017 11:55 am 8329
លោក​ប្រាយុទ្ធ ចាន់អូចា​​និងអ្នកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា

រយៈពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​តុលាការ​កំពូល​ថៃ ប្រកាស​សាលក្រម​រឿងក្ដី​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា លោក​នាយករដ្ឋមន្ដ្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា​បានប្រកាស​ជា​សាធារណៈ​ពី​ទីតាំង​ដែល​អ្នកស្រី​យី​ង​ឡា​ក់បាន​លាក់ខ្លួន​។​លោក​បាន​ធ្វើតាម​ការសន្យា​ថា ឲ្យតែ​តុលាការ​ប្រកាសសាលក្រ​ម​ភ្លាម លោក​នឹង​ប្រាប់​ពី​ទីតាំង​អ្នកស្រី​យី​ង​ឡាក់​ភៀសខ្លួន​ទៅ​ភ្លាម​។​

​លោក​ប្រា​យុទ្ធ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ពេលនេះ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម​។​ក្រសួងការបរទេ​សកំ​ពុង​តាមដាន​បន្ដ ហើយ​ប៉ូលិស​និង​សហការ​ជាមួយ​ក្រសួងការបរទេស រួមជាមួយ​ប៉ូលិស​អាំងទែ​ប៉ូល ដើម្បី​តាម​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។​

​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​តុលាការ​កំពូល​ថៃ​កាត់ទោស​កំបាំងមុខ​កាល​ពី​ថ្ងៃទី​២៧​កញ្ញា​នេះ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។​ការកាត់ទោស​ក្រោយ​រកឃើញ​កំហុស​ថា អ្នកស្រី​ធ្វេសប្រហែស​ក្នុង​កិច្ចការ​គ្រប់គ្រង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន ធ្វើឲ្យ​ខាត​ថវិកា​ជាតិប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​តាមពិត​សាលក្រម​ត្រូវ​ប្រកាស​តាំងពី​ថ្ងៃទី​២៥​សីហា​មកម្ល៉េះ ប៉ុន្ដែ​ដោយសារ​អ្នកស្រី​មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ ទើបត្រូវ​ពន្យា​ពេល​ដល់ពេលនេះ​។​កាលនោះ​មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី​បាន​បញ្ជាក់ថា អ្នកស្រី​មាន​ជំងឺ​ទើប​មិនអាច​ចូល​បង្ហាញខ្លួន​ក្នុង​សវនាការ​។​ប៉ុន្ដែ​ក្រោយមក​ក៏​លឺដំណឹង​ថា អ្នកស្រី​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ទៅហើយ​។​

​សូម​រម្លឹកថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤ ក្រោយ​មាន​ការតវ៉ា​តាម​ដងផ្លូវ​ជាច្រើន​ខែ បង្ក​ជា​វិបត្ដិ​ជាប់គាំង​នយោបាយ​។​អ្នកស្រី​មិន​ខុសពី​បងប្រុស​បង្កើត​ឡើយ គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី​ដូចគ្នា​កាលពី​ឆ្នាំ​២០០៦៕

 ពាក្យគន្លឹះ  ថៃអ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត