រដ្ឋ​មន្ត្រី​​ទេសចរណ៍​​ដាក់​​យុទ្ធ​សាស្ត្រ​​២​​ចំណុច​​បន្ត​អភិវឌ្ឍន៍​​ទេសចរណ៍​​កម្ពុជា​​

27-09-2017 5:21 pm 1384
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​យុទ្ធសាស្ត្រ​២​ចំណុច​សំខាន់ៗ ក្នុង​ការបន្ត​អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា ឲ្យមាន​និរន្តរភាព ដើម្បី​ចូលរួម​សម្រេច​ឲ្យបាន​គោលដៅ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​។ 

​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០១៧​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​«​និរន្តរភាព​ទេសចរណ៍ ជា​យន្តការ​សម្រាប់​ការអភិវឌ្ឍ​»​នៅ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆ័ត្រ ខេត្ត​កែប​។ ក្នុងឱកាស​អបអរសាទ​រ​ទិវា ទេសចរណ៍​ពិភពលោក នា​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​យុទ្ធសាស្ត្រ​២​ចំណុច​សំខាន់ៗ ក្នុង​ការបន្ត​អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា ឲ្យមាន​និរន្តរភាព ដើម្បី​ចូលរួម​សម្រេច​ឲ្យបាន​គោលដៅ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​យុទ្ធសាស្ត្រ​ទាំង​២​ចំណុច ដែល​រដ្ឋមន្ត្រី​រូបនេះ បាន​ដាក់ចេញ​នោះ រួមមាន ទី​១. បន្ត​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ ដែលជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ចាំបាច់​ធ្វើ​ការគ្រប់គ្រង​វិស័យ​ទេសចរណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់ ដើម្បី​ទាញយក​គុណប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ឱ្យបាន​ជា​អតិបរមា និង​មាន​ការបែងចែក​ដោយ​ស​ម​ធម៌ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​នៅ​ពីក្រោយ​នៃ​ការអភិវឌ្ឍ​នោះទេ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​បួន (​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​) សំដៅ​ធានាឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅក្នុង​កិច្ច​អភិវឌ្ឍ និង​ទទួល​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​។​

​ទី​២ បន្ត​ធានា​ឱ្យបាន​ថា ទំនាក់ទំនង​ជា​វិជ្ជមាន​រវាង​វិស័យ​ទេសចរណ៍ និង​ភពផែនដី ឆ្ពោះទៅ​អនាគត​កាន់តែ​មាន​ភាព​បៃតង ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ការអភិវឌ្ឍ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព និង​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍ ចូលរួម​អភិរក្ស និង​ថែរក្សា​ធនធានធម្មជាតិ បរិស្ថាន សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ប្រពៃណី​ប្រជាពលរដ្ឋ​មូលដ្ឋាន តាមរយៈ​ការប្រកាន់​នូវ​ទស្សនទាន «​គោរព​ធម្មជាតិ គោរព​វប្បធម៌ និង​គោរព​ប្រជាពលរដ្ឋ​មូលដ្ឋាន តាម​គោលដៅ​ទេសចរណ៍​» គ្រប់ពេលវេលា និង​ទីកន្លែង​ដែល​ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​។​

​ក្រសួង​ទេសចរណ៍ បញ្ជាក់ថា វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការការពារ​បរិស្ថាន ពោលគឺ​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែលជា​ផ្នែក​គាំទ្រ​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​សហសវត្ស​រ៍ មុន ឬ​ត្រឹម​ដំណាច់ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​

​ក្រសួងទេសចរណ៍​បញ្ជាក់ទៀតថា នៅ​ឆ្នាំ​២០១៦ កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា ៥% ជាមួយនឹង​ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៥​លាន​នាក់ និង​នាំ​ប្រាក់ចំណូល​ប្រមាណ ៣,៤០០​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ ១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់​។ ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៣​លាន​នាក់ កើនឡើង ១២.៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។​

​តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៥.៤​លាន​នាក់ នៅ​ឆ្នាំ​២០១៧ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥,០០០​លាន​ដុល្លារ​អាមេរិក បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​១​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត