តុលាការ​​ប្រកាស​សាលក្រម​​ហើយ​​អ្នកស្រី​​យី​ង​ឡាក់​​ត្រូវ​ជាប់​ពន្ធនាគារ​​៥​ឆ្នាំ​

27-09-2017 4:09 pm 848
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា​អតីត​នាយករដ្ឋមន្ដ្រីថៃ

​នៅ​ទីបំផុត​ទៅ​តុលាការកំពូល​ថៃ​បាន​ប្រកាសសាលក្រម​លើ​រឿងក្ដី អតីត​នាយករដ្ឋមន្ដ្រី​ថៃ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ហើយ នៅ​ថ្ងៃទី​២៧​កញ្ញា​នេះ​។​តាម​សាលក្រម​អ្នកស្រី​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ក្រោយ​រកឃើញ​កំហុស​ថា​បាន​ធ្វេសប្រហែស​ក្នុង​ការងារ​គ្រប់គ្រង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន ដែល​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់លាន​ដុល្លារ​អាមេរិក​។​

តាមពិត​សាលក្រម​ត្រូវ​ប្រកាស​តាំងពី​ថ្ងៃទី​២៥​សីហា​មកម្ល៉េះ ប៉ុន្ដែ​ដោយសារ​អ្នកស្រី​មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ ទើបត្រូវ​ពន្យា​ពេល​ដល់ពេលនេះ​។​កាលនោះ​មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី​បាន​បញ្ជាក់ថា អ្នកស្រី​មាន​ជំងឺ​ទើប​មិនអាច​ចូល​បង្ហាញខ្លួន​ក្នុង​សវនាការ​។​ប៉ុន្ដែ​ក្រោយមក​ក៏​លឺដំណឹង​ថា អ្នកស្រី​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ទៅហើយ​។​

​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ថ្មីៗ​នេះ​ថា លោក​បានដឹង​ពី​កន្លែង​អ្នកស្រី​យី​ង​ឡាក់​លាក់ខ្លួន ប៉ុន្ដែ​លោក​មិនទាន់​ប្រកាស​ជា​សាធារណៈ​ទេ រង់ចាំ​រហូតដល់​តុលាការ​ប្រកាស​សាលក្រម​សិន​។​តុលាការ​បានប្រកាស​សាលក្រម​ជា​ស្ថាពរ តែ​នៅ​មិនទាន់មាន​សារ​ណាមួយ​ពី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ឡើយ ហើយក៏​មិនទាន់​ដឹងថា លោក​នឹង​ចាត់វិធានការ​បែបណា​ដែរ លើ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។​

​សូម​រម្លឹកថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤​។​ក្រោយពី​នោះ​អ្នកស្រី​រង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុង​កិច្ចការ ពាក់ព័ន្ធ​គម្រោង​ទិញស្រូវ​អង្ករ​ពី​ប្រជាជន​។​គម្រោង​នេះ​ហ៊ាន​ផ្ដល់​តម្លៃ​ដល់​កសិករ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ ជាហេតុ​ធ្វើឲ្យ​ពិបា​កលក់ចេញ ទើប​នៅមាន​ស្រូវអង្ករ​ស្ដុក​ទុក​ច្រើន​៕

 ពាក្យគន្លឹះ  ថៃ​ អ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត