តុលាការ​កំពូល​ថៃ​​នៅតែ​ប្រកាស​​សាលក្រម​​ទោះ​អ្នកស្រី​យី​ង​ឡាក់​​បាន​រត់​ភៀសខ្លួន​

27-09-2017 9:18 am 695
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាពេលចុះជួបប្រជាពលរដ្ឋ

​នៅ​ថ្ងៃទី​២៧​កញ្ញា​នេះ តុលាការ​កំពូល​ថៃ​នឹង​ប្រកាស​សាលក្រម​លើ​រឿងក្ដី​របស់​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បើទោះបី​អ្នកស្រី​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ហើយ​ក្ដី​។​តាមពិតទៅ​ការប្រកាស​សាលក្រម​គ្រោង​ធ្វើ​តាំងពី​ថ្ងៃទី​២៥​សីហា​មកម្ល៉េះ ប៉ុន្ដែ​ដោយសារ​អ្នកស្រី​មិនបាន​បង្ហាញខ្លួន​ទើបត្រូវ​ពន្យារពេល​។​

​កាលនោះ​មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី​បាន​បញ្ជាក់ថា អ្នកស្រី​យី​ង​ឡា​ក់មាន​ជំងឺ ទើប​មិនអាច​ចូល​បង្ហាញខ្លួន​ក្នុង​សវនាការ​បាន ប៉ុន្ដែ​ក្រោយមក​ក៏​លឺដំណឹង​ថា​អ្នកស្រី​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ទៅហើយ​។​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ថ្មីៗ​នេះ​ថា លោក​បានដឹង​ពី​កន្លែង​អ្នកស្រី​យី​ង​ឡាក់​លាក់ខ្លួន ប៉ុន្ដែ​លោក​មិនទាន់​ប្រកាស​ជា​សាធារណៈ​ទេ រង់ចាំ​រហូតដល់​តុលាការ​ប្រកាស​សាលក្រម​សិន​។​

​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជា​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤​។​ក្រោយពី​នោះ​អ្នកស្រី​រង​ការចោទប្រកាន់​ក្នុងករណី​ធ្វេសប្រហែស​ក្នុង​កិច្ចការ ពាក់ព័ន្ធ​គោលនយោបាយ​ទិញស្រូវ​អង្ករ​ប្រជាជន ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់លាន​ដុល្លារ​។​អ្នកស្រី​ប្រឈម​ការ​ជាប់ពន្ធនាគារ​១០​ឆ្នាំ បើ​រកឃើញ​កំហុស​ដូច​ការចោទប្រកាន់​៕

 ពាក្យគន្លឹះ  ថៃ​ អ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត