បញ្ហា​សិទ្ធិមនុស្ស​​នៅ​កម្ពុជា​​ក្លាយជា​​ផ្ទាំង​ស៊ី​ប​​នៃ​ប្រទេស​​មួយចំនួន​​

26-09-2017 4:56 pm 1280

​ប្រមុខ​ការទូត​កម្ពុជា លោក​ប្រាក់ សុខុន បានបង្ហាញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ក្នុងឱកាស​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ​លើក​ទី​៧២ នៅ​ទីក្រុង​ញូវយ៉ក នា​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ​។​

២៥​ចំណុច នៃ​សេចក្ដីថ្លែងការណ៍​ដែលមាន​កម្រាស់​៦​ទំព័រ ដែល​នឹង​បញ្ចេញ​ជា​សាធារណៈ នៅ​រសៀល​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ត្រូវបាន​លោក​ប្រាក់ សុខុន លើកឡើង​ប្រាប់​ដល់​មហាសន្និបាត អង្គការសហប្រជាជាតិ​លើក​ទី​៧២​។​ចំណុច​ទី​១៤ ដល់​ចុងបញ្ចប់ ដែល​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​មូល​បង្កាច់​រដ្ឋាភិបាល​ពី​សំណាក់​ក្រុមប្រឆាំង រួមទាំង​ការបណ្តេញ​វិទ្យាស្ថាន​បរទេសមួយ និង​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយចំនួនទៀត ត្រូវបាន​លោក​ប្រាក់ សុខុន​លើកឡើង​ប្រាប់​ដល់​មហាសន្និបាត​ដែរ​។​

​លោក​ប្រាក់ សុខុន បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ថា បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា បាន​ក្លាយជា​ផ្ទាំង​ស៊ី​បរ​បស់​ប្រទេស​មួយចំនួន ស្ថាប័ន​មួយចំនួន​នៃ​អង្គការសហប្រជាជាតិ ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​ដែល​សកម្ម​ក្នុង​វិស័យ​ទាំងនេះ​។​លោក​បាន​បកស្រាយ​បញ្ជាក់ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សកល​។​ប៉ុន្តែ​រាល់​ការវាយតម្លៃ​ទាំងនោះ​មាន​ភាពលម្អៀង និង​បម្រើឲ្យ​ផលប្រយោជន៍​ជាក់ស្តែង​នៃ​មហាអំណាច​មួយចំនួន ហើយ​បើ​គ្មាន​ប្រយោជន៍​ដល់​គេ​ទេ គឺ​គេ​តែងតែ​នៅ​ស្ងៀម​។​

​លោក​ប្រាក់ សុខុន បន្ថែមទៀតថា កម្ពុជា​បាន​រងគ្រោះ​ដោយសារ​ការប្រើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជា​ឧបករណ៍​នយោបាយ​អស់​រយៈកាល​ជាង​១២​ឆ្នាំ​មកហើយ ដែល​ក្នុងអំឡុងពេល​នោះ​អាទិភាព​នៃ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់ នៃ​កា​សម្លាប់​រង្គាល​ មិនត្រូវបានទទួលស្គាល់ដោយ​សហគមន៍​អន្តរជាតិ​។​

​របាយការណ៍​ថ្មីៗ​ដែល​រិះគន់​រដ្ឋាភិបាល​លើ​បញ្ហា​នេះ ជា​ការលើកតម្កើង​ក្រុមប្រឆាំង ហើយ​ដាក់បន្ទុក​រដ្ឋាភិបាល​កម្ពុជា តែបើ​ឥរិយាបថ​របស់​ក្រុមប្រឆាំង​វិញ មិនដែល​ត្រូវ​បានលើកឡើង​សោះឡើយ​។​

លោក​ចោទសួរ​បែប​ចំអក​ទៅ​មហាសន្និបាត វិញ​ថា តើ​មាន​ប្រទេស​ណាខ្លះ​ដែល​មិន​ចាត់ការ​ក្រុម​ប្រឆាំង ដែល​ញុះញង់​បញ្ឆេះ​កំហឹង​? តើ​មាន​ប្រទេស​ណាខ្លះ​ដែល​អនុញ្ញាតឲ្យ​មានការប​រិហា​កេរ្តិ៍ មួលបង្កាច់​? តែ​ផ្ទុយស្រឡះ ភាសា​បែបនេះ​នៃ​ក្រុមប្រឆាំង​បែរជា​មិន​ត្រូវបាន​ថ្កោលទោស​ទៅវិញ​។​

​ឯការ​ការបណ្តេញ​វិទ្យាស្ថាន​បរទេសមួយ និង​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយចំនួនទៀត លោក​ប្រាក់ សុខុន បញ្ជាក់ថា ជាការ គឺ​យោងតាម​ច្បាប់​របស់​កម្ពុ​ជា​យ៉ាង​ត្រឹមត្រូវ​និង​ច្បាស់លាស់ ពុំមែន​ជាការ​អនុវត្តតាម​ទំនើងចិត្ត ដូច​ការចោទប្រកាន់​ឡើយ​។​

នេះ អាច​ចាត់ទុកថា​ជាការ​ស្រាយ​បញ្ជាក់ របស់​រដ្ឋាភិបាល​កម្ពុ​ជា ប្រាប់​ដល់​ពិភពលោក បន្ទាប់ពី​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការ​រុកគួន​គណបក្សប្រឆាំ​ង​នៅ​កម្ពុជា រយៈកាល​ចុងក្រោយ​នេះ បាន​ទទួលរង​នូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ រួមទាំង​ស្ថាប័ន​មួយចំនួន​នៃ​អង្គការសហប្រជាជាតិ​ផងដែរ​៕

 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត