ពល​រដ្ឋ​​កម្ពុជារង​គ្រោះ​​ដោយ​​ជំងឺ​​ឆ្កែ​ឆ្កួតប្រ​មាណ​​ជា​​៨០០​​នាក់​​ក្នុង​​១​​ឆ្នាំ​​

26-09-2017 2:02 pm 1537

​ក្នុង​មួយឆ្នាំៗ ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជា​៨០០​នាក់ បាន​រងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត ក្នុងនោះ​អត្រា​អ្នករងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត គឺ​៥០​ភាគរយ មាន​អាយុ​ក្រោម​១៥​ឆ្នាំ​។ ជំងឺ​នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១០០​ភាគរយ ប្រសិនបើ​មិនបាន​ចាក់​ថ្នាំ​បង្ការ​។ 

​អង្គការ​ស៊ី​ប៉ា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ បានរៀបចំ​បោះពុម្ភ​សៀវភៅ ដែលមាន​ចំណងជើង​ថា «​ស្វែងយល់​អំពី​ជំងឺ​ឆ្កែឆ្កួត​»​។ សៀវភៅ​នេះ គឺជា​គ្រឹៈ និង​ជា​ការចាប់ផ្ដើម​នៃ​ការយល់ដឹង​អំពី​ជំងឺ​ឆ្កែ​ឆ្កួត នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជាពិសេស​យល់ដឹង​អំពី​របៀប​ការពារ​ខ្លួន នៅ​សហគមន៍​ពី​ការឆ្លង​នៃ​ជំងឺ​នេះ នៅពេល​បាន​អាន​សៀវភៅ​នេះ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ស៊ី​ប៉ា បាន​បញ្ជាក់ថា ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺ​ដ៏​គួរឱ្យខ្លាច ដែល​ប្រជាជន​កម្ពុជា​បាន​ស្គាល់​តាមរយៈ​ឈ្មោះ​របស់​វា ប៉ុន្តែ​ប្រជាជនមាន​ការយល់ដឹង​តិចតួច​ណាស់​អំពី​ការចម្លង និង​ការបង្ការ​ជំងឺ​នេះ​។ 

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់ទៀតថា  អង្គការ​ស៊ី​ប៉ា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចែកចាយ​សៀវភៅ​«​ស្វែងយល់​អំពី​ជំងឺ​ឆ្កែឆ្កួត​»​នេះ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ​តទៅ នៅ​ទូទាំងប្រទេស​កម្ពុជា​។ យ៉ាងណាក៏ដោយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ឆ្កែឆ្កួត នៅក្នុង​ប្រទេស​កម្ពុជា វិទ្យាស្ថាន​ប៉ាស្ទ័រ និង​អង្គការ​ស៊ី​ប៉ា រួមទាំង​ដៃគូ​ជាច្រើន​ទៀត ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល  ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្កើត​ផែនការ​សកម្មភាព​រយៈ​ពេល​៥​ឆ្នាំ ដោយមាន​ទិសដៅ​កាត់បន្ថយ​អត្រា​មរណៈ ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត នៅ​កម្ពុជា​ឲ្យ​ធ្លាក់ចុះ​៥០​ភាគរយ​។​

ផែនការ​សកម្មភាព​រយៈពេល​៥​ឆ្នាំ​នោះ​រួមមាន ការផ្សព្វផ្សាយ​អប់រំ​អំពី​ជំងឺ​ឆ្កែ​ឆ្កួត គ្រោះថ្នាក់​នៃ​ជំងឺ​នេះ និង​ការបង្ការ​ជំងឺ​នេះ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ បង្កើន​លទ្ធភាព​ទទួល បាន​ការចាក់​វ៉ាក់សាំង​ក្រោយ​សត្វ​ខាំ ដោយ​បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត ចំនួន​ពីរ​កន្លែង នៅក្នុង​ខេត្ត​ចំនួន​ពីរ នៅក្រៅ​រាជធានី មួយ​នៅ​ខេត្ត​បាត់ដំបង និង​មួយទៀត​នៅ​ខេត្តកំពង់ចាម ដោយ​ប្រើប្រាស់​ស្ដង់ដារ​ដូច​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​តាម​ការប៉ាន់ស្មាន ក្នុង​មួយឆ្នាំៗ ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជា​៨០០​នាក់ បាន​រងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត ក្នុងនោះ​អត្រា​អ្នករងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត គឺ​៥០​ភាគរយ មាន​អាយុ​ក្រោម​១៥​ឆ្នាំ​។ ជំងឺ​នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១០០​ភាគរយ ប្រសិនបើ​មិនបាន​ចាក់​ថ្នាំ​បង្ការ បន្ទាប់ពី​របួស​បង្កឡើង​ដោយ​សត្វ​ខាំ​៕ 

ព័ត៌មានផ្សេងទៀត