អាជ្ញាធរ​អប្សរា​​បន្ត​កិច្ចសហការ​​លើ​បច្ចេកវិទ្យា​អវកាស​​សម្រាប់​អភិរក្ស​​បេតិកភណ្ឌ​វប្បធម៌​​និង​​ធម្មជាតិ​

26-09-2017 9:03 am 842

​អាជ្ញាធរ​ជាតិ​អប្សរា និង​មជ្ឈមណ្ឌល​HIST (International Center on Space Technologies for Natural and Cultural Heritage) នៃ​ប្រទេស​ចិន នឹង​ចុះ​អនុស្សរណៈ ស្តីពី កិច្ចព្រមព្រៀង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​អវកាស សម្រាប់​អភិរក្ស បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ រយៈពេល​៣​ឆ្នាំ បន្តទៀត ក្រោយពី​អនុស្សរណៈ​ឆ្នាំ​២០១៣​បាន​ផុតកំណត់​។

​បច្ចេកវិទ្យា​អវកាស​(Remote Sensing) គឺជា​បច្ចេកវិទ្យា​ផ្កាយរណប ដែល​អាចឲ្យ​យើង​ដឹងពី​បម្រែបម្រួល​ក្នុង​តំបន់​អង្គរ​ប្រចាំ​។ បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ តាមរយៈ​បច្ចេកវិទ្យា​នេះ គេ​បានទទួល​ព័ត៌មាន​រៀងរាល់​៤​ថ្ងៃ​ម្តង អំពី បម្រែបម្រួល​ក្នុង​តំបន់​អង្គរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​អនុស្សរណៈ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ ជាមួយ​មជ្ឈមណ្ឌល​អន្ត​រ​ជាតិ​បច្ចេកវិទ្យា​អវកាស សម្រាប់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ក្រោម​ការសម្របសម្រួល​ដោយ​អង្គការ​យូណេស្កូ ស្តីពី​គម្រោង​សហប្រតិបត្តិការ​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​សម្រាប់​អភិរក្ស​និង​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​សៀមរាប​-​អង្គរ​៕

 ពាក្យគន្លឹះ  អាជ្ញាធរអប្សរា

ព័ត៌មានផ្សេងទៀត