ចិន​បង្ហាញ​ផលវិបាក​​ក្នុង​ការទាក់ទង​​ជាមួយ​​កូរ៉េខាងជើង​

25-09-2017 5:13 pm 1055
រដ្ឋមន្ដ្រីការបរទេសចិនលោកវ៉ាង យីពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតUN

​ប្រភពពី​មន្ដ្រីជាន់ខ្ពស់​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​បាន​និយាយ​នៅ​ថ្ងៃទី​២៥​កញ្ញា​នេះ​ថា ទីក្រុង​ប៉េកាំង​មាន​ផលវិបាក​ក្នុង​ការធ្វើទំនាក់ទំនង​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​ផល​លំបាក​កើតឡើង​ខណៈ​បណ្ដាញ​ទំនាក់ទំនង​ជាន់ខ្ពស់​ត្រូវ​បាន​បញ្ឈប់ ដោយសារតែ​ទីក្រុង​ព្យុងយ៉ាង​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​មួយ​របស់​ចិន បន្ដ​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ មិន​ខ្វល់​ពី​ការដាក់ទណ្ឌកម្ម​។​

​ប្រភព​ដដែល​បាន​ឲ្យដឹងទៀតថា នេះ​គឺជា​រឿង​ពិត​ដែល​ការទាក់ទង​គ្នា​រវាង​ភាគី​ទាំងពីរ ដំណើរការ​មិន​ល្អប្រសើ​រសោះ​។​វា​បានចាប់ផ្ដើម​យូរ​មកហើយ ចាប់តាំងពី​មានការ​កាត់ផ្ដាច់​កិច្ចពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​រវាង​មន្ដ្រីជាន់ខ្ពស់​ប្រទេស​ទាំងពីរ​។​ក្រោយពី​នោះ​មិនដែល​មាន​លឺដំណឹង​ពី​ការចាប់ផ្ដើម​ជាថ្មី​ឡើយ​។​

​ទំនាក់ទំនង​ដ៏​សំខាន់បំផុត​នាពេល​ចុងក្រោយ គឺ​ការសន្ទនា​រវាង​អនុ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង និង​សម​ភាគី​ចិន​ធ្វើឡើង​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៣ ដើម្បី​ពិភាក្សា​ពី​ការបើក​កិច្ច​ចរចា​៦​ភាគី​ឡើងវិញ​។​

​រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​វ៉ាង យី ក៏​ធ្លាប់បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​លោក​Ri Yong-ho​ដែរ និង​បាន​ព្រមាន​ពី​ការ​បង្កហេតុ​របស់​កូរ៉េខាងជើង ក្នុងពេល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ប្រចាំឆ្នាំ​នៅក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាលពី​ខែ​មុន ប៉ុន្ដែ​ហាក់​គ្មាន​ទទួលបាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ​។​

​ប្រភពព័ត៌មាន​បាន​និយាយថា ក្រុមមន្ដ្រី​ចិន​បាន​សម្ដែង​ការព្រួយបារម្ភ លើ​ទំនាក់ទំនង​របស់គេ​ជាមួយ​ក្រុង​ព្យុងយ៉ាង​នៅពេល​ជួបគ្នា​ម្ដងៗ​។​ចិន​ថា​ខ្លួន​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​រារាំង​កូរ៉េខាងជើង​ពី​ការបង្កើត​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល ប៉ុន្ដែ​ឥទ្ធិពល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នៅមានកម្រិត​៕

 ពាក្យគន្លឹះ  ចិន-កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត