តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានChannel News Asia នាវាល្បាតដែនសមុទ្ររបស់ចិន បានបើកទៅជិតដែនជម្លោះរវាងចិន-ជប៉ុនក្នុងសមុទ្រចិនខាងកើត នៅថ្ងៃទី២៥កញ្ញានេះ។នាវាចំនួនបួនគ្រឿងបានធ្វើដំណើរចូលទៅជិតប្រជុំកោះជម្លោះសេនកាគូឬទាវយូ នៅម៉ោងប្រមាណជា១០ព្រឹកម៉ោងក្នុងតំបន់។នេះជាហេតុការណ៍កើតឡើងលើកទីពីរហើយ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង។
តាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ចិន នាវាទាំងបួនគ្រឿងកំពុងល្បាតនៅតំបន់ប្រជុំកោះទាវយូ។រីឯកងល្បាតដែនសមុទ្រជប៉ុនវិញថា នេះគឺជាលើកទីពីរហើយគិតពីថ្ងៃទី២១កញ្ញាមក ដែលនាវាល្បាតចិនចូលក្នុងដែនទឹករបស់គេ។ជប៉ុនបានត្អូញត្អែប្រាប់ទៅចិនកុំឲ្យបង្កអស្ថិរភាពក្នុងតំបន់ តាមរយៈការបញ្ជូននាវាទៅកាន់ដែនជម្លោះដូច្នេះ។
ជម្លោះចិន-ជប៉ុននៅក្នុងដែនសមុទ្រចិនខាងកើត បានជាប់គាំងជាយូរណាស់មកហើយ មិនទាន់ដោះស្រាយចេញទេ។មួយរយៈពេលចុងក្រោយស្ថានភាពបានស្ងប់ស្អាត់បន្ដិច តែចិននៅជំពាក់ជំពិននឹងជម្លោះដែនសមុទ្រចិនខាងត្បូង ជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់៕