មេធាវីលោក​កឹម សុខា ​ស្នើសុំសាលា​ឧទ្ធរណ៍​ឱ្យលោកកឹម សុខា​មានវត្តមាន​ក្នុងសវនាការ ​

25-09-2017 1:32 pm 2143
លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

សហមេធាវីការពារក្តីលោកកឹម សុខា កាលពីថ្ងៃទី២៥កញ្ញនេះ បានដាក់ពាក្យស្នើសុំទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ ដើម្បីទាមទាឱ្យលោកកឹម សុខា មានវត្តមានក្នុងសវនាការ។ប៉ុន្តែសម្រាប់អ្នកនាំពាក្យសាលាឧទ្ធរណ៍បើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ។

ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ចំនួន៧នាក់នៅថ្ងៃទី២៥ ខែកញ្ញា បានដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ស្នើសុំឱ្យមានវត្តមានលោកកឹម សុខា នាពេលសវនាការ នៅថ្ងៃទី២៦ ខែកញ្ញា នេះ។

ក្នុងលិខិតស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ បានពន្យល់ថា តាមគោលរណ៍នីតិព្រហ្មទណ្ឌធ្វើឡើងតាមគោលការណ៍ចំពោះមុខ ចៅក្រុមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាសម្រេចឃុំលោកកឹម សុខា (កូនក្តី) ដោយសំអាងថា ការឃុំខ្លួនដើម្បីរក្សាលោកកឹម សុខា (ជនត្រូវចោទ) និងទុកជូនតុលាការចាត់ការគ្រប់នីតិវិធី។ដូច្នេះគ្មានហេតុផលណាមួយត្រូវបាន លើកក្នុងការរារាំងមិនអនុញ្ញាឱ្យលោកកឹម សុខា ចូលសវនាការឡើយ។

លោកមេធាវី សំ សុគង់ តំណាងក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានអះអាងថា វត្តមានលោក កឹម សុខា ចំពោះមុខសវនាការពិតជាសំខាន់ណាស់ ដែលមិនអាចអវត្តមានបានឡើយ។លោកបន្ថែមថា ប្រសិនបើសាលាឧទ្ធរណ៍មិននាំលោក កឹម សុខា មកចូលរួមសវនាការទេ នោះជាករណីរំលោភសិទ្ធិជនត្រូវចោទយ៉ាងធ្ងន់ធ្ងរ ហើយសវនាការនេះនឹងគ្មានន័យដែរ។

ទាក់ទងនឹងការស្នើរបស់ក្រុមមេធាវីការពារក្ដីលោកកឹម សុខានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍មិនទាន់ឆ្លើយតបឡើយ។ប៉ុន្តែកន្លងមកអ្នកនាំពាក្យសាលាឧទ្ធរណ៍ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានហ្វ្រេសញ៉ូថា តាមស្មារតីសាលាឧទ្ធរណ៍ គឺចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ចូលរួមសវនាការ។ ប៉ុន្តែប្រសិនបើគ្មានវត្តមានលោកកឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី គឺជាការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងបើកសវនាការ លើបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែល សម្រេចឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាប់ចោទបទល្មើស «ក្បត់ជាតិ»៕ 

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត