គណបក្ស​សង្រ្គោះជាតិ​ផ្តើមយុទ្ធនា​ការលើក​ស្លាក​ទាមទារដោះ​លែង​លោកកឹម សុខា​

25-09-2017 10:54 am 2031
បដាទាមទារឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥កញ្ញានេះ បានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងនៅស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនស្តីពី«ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា»។ក្នុងសន្និសីទសារព័ត៌មាននោះ គណបក្សប្រឆាំង បានអះអាងថា លោកកឹម សុខា ជាមនុស្សឥតទោស និងសម្រេចលើកបដានៅទូទាំងប្រទេសកម្ពុជា ដើម្បីទាមទារឱ្យមានការដោះលែងមេបក្សខ្លួនវិញ។ 

នៅក្នុងស្លាកដែលគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមយុទ្ធនាការលើកនៅតាមមុខស្នាក់ការបក្សរបស់ខ្លួននោះ មានរំលេចដោយរូប លោកកឹម សុខា ឈរលើកដៃអមទៅដោយសកម្មជនរបស់ខ្លួនជាច្រើនរូប ហើយនៅក្នុងបដានោះបានសរសេរជាអក្សខ្មែរ និងអក្សរអង់គ្លេសថា «ត្រូវដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ» ។

ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានថ្លែងក្រោយលើកស្លាកក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា លោកកឹម សុខា នៅមិនទាន់មានទោសនៅឡើយ។ដូច្នេះលោកកឹម សុខា នៅតែជាប្រធានគណបក្សសង្រ្គោះជាតិ។បើតាមលោកសុន ឆ័យ ការលើកស្លាកនៅគ្រប់ស្នាក់ការបក្សទូទាំងប្រទេសពេលនេះ គឺដើម្បីសម្តែងការតស៊ូរបស់គណបក្សសង្រ្គោះជាតិ ក្នុងន័យទាមទាររកយុត្តិធម៌ជូនលោកកឹម សុខា។

លោកសុន ឆ័យ បានគូសបញ្ជាក់ថា ការចាប់ខ្លួន និងឃុំខ្លួនលោកកឹម សុខា ដែលជាអ្នកតំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភា ជាទង្វើខុសច្បាប់ ហើយការណ៍ដែលមិនអនុញ្ញាតឱ្យលោកកឹម សុខា ចូលរួមសវនាការ នឹងធ្វើឱ្យលទ្ធផលនៃការជំនុំជម្រះមិនត្រឹមត្រូវតាមច្បាប់ផងទៀត។លោកសុន ឆ័យ បន្ថែមទៀតថា នៅថ្ងៃទី២៦ ខែកញ្ញានេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូលរួមស្តាប់សវនាការលោកកឹម សុខា នៅសាលាឧទ្ធរណ៍ ដើម្បីតាមដាន់ដំណើរការក្តីរបស់សាលាឧទ្ធរណ៍។

សូមបញ្ជាក់ថា លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ នឹងជំនុំជម្រះ ដើម្បីសម្រេចអំពីរឿងនៅក្រៅឃុំរបស់លោកកឹម សុខា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បដិសេធបដិសេធមិនឱ្យលោកនៅក្រៅឃុំបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ៕ 

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត