យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា ការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេងឆៅ ឲ្យកូរ៉េខាងជើងនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៧។ ស្ថិតក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ទីក្រុងប៉េកាំងអាចបន្តលក់ប្រេងឆៅឲ្យប្រទេសកូរ៉េខាងជើង ក្នុងបរិមាណច្រើនបំផុត ២លានបារ៉ែលរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំក្រោយទៅ។ បើតាមការសន្និដ្ឋាន កូរ៉េខាងជើង បាននាំចូលប្រេងឆៅពីចិន ប្រហែលចំនួន២,២លានបារ៉ែលនៅក្នុងឆ្នាំ២០១៦។ បើប្រៀបធៀបនឹងចំនួនប្រេងដែលចិនអាចបន្តនាំចូលប្រទេសកូរ៉េខាងជើងបាន និងចំនួនប្រេងដែលបាននាំចូលកាលពីឆ្នាំទៅ ប្រហែលមិនប៉ះពាល់ធ្ងន់ធ្ងរ ដល់ចំណូលរបស់ចិននោះទេ។
តាមពិតទៅដំបូង ចិននិងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយកូរ៉េខាងជើង បានជំទាស់នឹងសំណើរបស់អាមេរិក លើការហាមឃាត់នាំប្រេងឲ្យកូរ៉េខាងជើង ប៉ុន្តែក្រោយមកក៏បានព្រមព្រៀងគ្នាលើវិធានការកាត់បន្ថយនេះវិញ។ និយាយពីតម្លៃប្រេង នៅប្រទេសកូរ៉េខាងជើង ប្រេងបានចាប់ផ្តើមប្រែប្រួលទៅតាមរលកនៃវិធានការថ្មីនេះដែរ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AFPឲ្យដឹងថា តម្លៃប្រេងឥន្ធនៈ នៅក្នុងទីក្រុងព្យុងយ៉ាង បានកើនឡើងប្រហែល២០ភាគរយ នៅក្នុងរយៈពេល២ខែចុងក្រោយនេះ។
ពាក់ព័ន្ធនឹងបម្រាមមិនឲ្យនាំចូលវាយនភណ្ឌពីប្រទេសកូរ៉េខាងជើងវិញ នឹងប៉ះពាល់ដល់ប្រភពចំណូលរបស់កូរ៉េខាងជើង។ ចំណូលលើការនាំចេញវាយនភណ្ឌទៅកាន់ប្រទេសចិន កូរ៉េខាងជើងទទួលបានប្រមាណ៧០០រយលានដុល្លារក្នុងមួយឆ្នាំ។ តាមធម្មតា សម្លៀកបំពាក់ផលិតនៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែដើម្បីទទួលបានផលិតផលសម្រេច ត្រូវបញ្ជូនទៅប្រទេសចិន រួមមានការដាក់ស្លាយីហោរបស់ចិនផងដែរ មុននឹងក្លាយជាផលិតផលសម្រេចអាចដាក់លក់ដូរលើទីផ្សារបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។
គួរជម្រាបជូនដែរថា ក្រៅពីវិធានការរឹតបន្តឹងលើការនាំប្រេងឲ្យកូរ៉េខាងជើង និងការបញ្ឈប់ការបញ្ជាទិញវាយនភណ្ឌពីកូរ៉េខាងជើង ចិនក៏បានដាក់កម្រិតយ៉ាងតឹងរឹង លើការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើងផងដែរកាលពីដើមឆ្នាំនេះ។ ចំណូលទទួលបានពីការនាំចេញធ្យូងថ្ម យកទៅលក់ឲ្យចិន កូរ៉េខាងជើងទទួលបានចំនួនប្រមាណ១,២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅ។
សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីពេលថ្មីនេះ បានសម្រេចអនុម័តទណ្ឌកម្មថ្មីបន្ថែម លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះ បានបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៦នៅខែកញ្ញានេះ។ នៅក្នុងនោះ ចិននិងរុស្ស៊ីដែលជាមិត្តជិតស្និទ្ធជាមួយកូរ៉េខាងជើង ក៏បានបោះឆ្នោតគាំទ្រដែរ៕